(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រសិនបើអ្វីៗត្រូវទុកនៅថ្នាក់ជាតិ ដោយមិនបានផ្ទេរអំណាច និងមុខងារទៅមូលដ្ឋានទេនោះ មិនអាចធ្វើឱ្យការគ្រប់គ្រងបានល្អប្រសើរនោះឡើយ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះនៅរសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដោយហៅកាត់ថា «កជទី២»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីភាពជោគជ័យ នៃការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ គឺដោយសារមានការប្រគល់តួនាទី និងអំណាច ជូនទៅថ្នាក់ក្រោមជាតិនេះឯង។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ថ្នាក់មូលដ្ឋានកំពុងតែមានការកើនឡើងនូវការងារយ៉ាងច្រើន ហើយបទពិសោធន៍ជោគជ័យរយៈពេល ២ឆ្នាំ ការប្រយុទ្ធប្រឆាំងកូវីដ នោះគឺជាជោគជ័យនៃការបែងចែកការងារ និងការផ្ទេរអំណាចកាន់តែច្រើន ទៅកាន់មូលដ្ឋាន»

សម្តេចបន្តថា «ចំណុចនេះ ប្រសិនបើអ្វីត្រូវរង់ចាំនៅថ្នាក់ជាតិ ហើយថ្នាក់ក្រោមជាតិមិនអាចធ្វើសកម្មភាពបាន ទៅតាមទំហំការងារ និងការឆ្លើយតបបន្ទាន់ទេនោះ យើងមិនអាចមានជោគជ័យ តាមរបៀបសព្វថ្ងៃនេះទេ ព្រោះជំងឺរាតត្បាតនេះវាធ្ងន់ធ្ងរពេក វាហួសពីលទ្ធភាព ដែលត្រួតត្រាបាន។ ក៏ប៉ុន្តែ ដោយសារយើងបានធ្វើជំហានមុន ដោយការផ្ទេរអំណាច និងបែងចែកមុខងារទៅមូលដ្ឋាន គឺមូលដ្ឋានបានប្រឹងប្រែងដើម្បីឆ្លើយតប ធ្វើឲ្យមូលដ្ឋាននីមួយៗ នៅក្នុងខេត្តខ្លះអត់មានការឆ្លងទេក្នុងមួយថ្ងៃៗ»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ភាពជោគជ័យទាំងនេះដែរ មិនមែនបានមកពីថ្នាក់ជាតិទាំងអស់ទេ។ ថ្នាក់ជាតិ គឺជាអ្នកផ្តល់មធ្យោបាយ និងផ្តល់សិទ្ធិអំណាចឲ្យថ្នាក់មូលដ្ឋានចាត់ចែង។ សម្តេចបន្ថែមថា ក្នុងពេលថ្នាក់មូលដ្ឋានកំពុងទទួលខុសត្រូវ គឺថ្នាក់មូលដ្ឋានខ្វះកម្លាំង ដូច្នេះហើយបានជាត្រូវរៀបចំវិសោធនកម្មច្បាប់ ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវ ក្នុងក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុក ផងដែរ៕