(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការ-អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅ សម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។

ការវាយតម្លៃយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដោយហៅកាត់ថា «កជទី២» នៅរសៀលថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការ-អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការ ជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រេច បានសមិទ្ធផលគួរជាទីមោទនៈ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏សូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាល សម្រេចបានជោគជ័យជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹង អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៣អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល-សាធារណៈ នៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ។

សម្ដេចតេជោ បានបន្ដទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលត្រូវទទួលនូវសិទ្ធិអំណាចនានា ដោយរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាជន ក្នុងមូលដ្ឋានប្រកប ដោយតម្លាភាព សុចរិតភាព នីតិរដ្ឋ និងសមធម៌សង្គម តាមរយៈការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕