(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ការថ្លែងរបស់អភិបាលខេត្តព្រៃវែងយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

អង្គសន្និបាតនេះក៏មានការចូលរួមលោក អ៊ុង ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ អភិបាលក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង សរុបចំនួន២២៤នាក់។

លោក ជា សុមេធី អភិបាលខេត្ត បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារក្នុងរយៈពេលកន្លងទៅនេះ ដែលទទួលបានលទ្ធផលរីកចម្រើន ជាលំដាប់ និងដោះស្រាយបានបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជារដ្ឋាភិបាល។

លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានា ដែលកើតចេញពីថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងការបំពេញតួនាទី និងខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ និងសំដៅលើកកម្ពស់ជីវភាពរស់នៅ និង បន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា មន្ត្រីដែលពាក់ពន្ធ័ទាំងបានខិតខំចូលរួម ក្នុងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ ជាពិសេសការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង និងបង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរ ការពេញលេញលើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញ លេញទៅតាមគន្លងប្រក្រតីភាពថ្មី។

លោកថា ទោះស្ថិតក្នុងការលំបាកយ៉ាងណាក៏ដោយ ពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩ អាជ្ញាធរ បានបង្កើនកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំ រក្សាការពារ បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាព ការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួល រលំរាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងខេត្ត។ ជារួមលទ្ធផល ការងាររបស់រដ្ឋបាលខេត្តព្រៃវែងគឺ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ពង្រឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសរក្សាឲ្យបានសន្តិភាពជូនសង្គមជាតិ។

បន្តដោះស្រាយបញ្ហាប្រឈមសំណើសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងវិធានការដោះស្រាយល្អៗ ដើម្បីសម្រេចនូវផែនការ ព្រមទាំត្រូវទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅមូលដ្ឋាន និងជំរុញការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានដាក់ទិសដៅការងារបន្តដល់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវប្ដេជ្ញារក្សាសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

បន្ថែមលើសពីនេះបន្តជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទីប្រជុំជន និងជនបទ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន។អនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ឲ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយសំណើរ សំណូមពរក្តីកង្វល់ និងតម្រូវការប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋឲ្យកាន់តែមានការឆ្លើយតបបំផុត ទាក់ទាញវិនិយោគិន (ជាតិ-អន្តរជាតិ) មកវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តឲ្យមានសន្ទុះរីកចម្រើនបន្ថែមទៀត។

បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈយន្តការដឹកនាំ ពិសេសបន្តខិតខំអប់រំ ណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យបានទូលំទូលាយបន្ថែមទៀត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕