(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តជាថ្មី ក្នុងការសម្រេចបាននូវពិភពលោកមួយ ដែលគ្មានអាវុធនុយក្លេអ៊ែរ។

ការបញ្ជាក់ព្រមគ្នារវាងនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ ធ្វើឡើងក្នុងជំនួបទ្វេភាគី គ្រាដែលលោកនាយករដ្ឋមន្ដ្រីជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្នុងសេចក្ដីថ្លែងការណ៍រួម ដែលចេញបន្ទាប់ពីជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីជប៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយ ដែលគ្មានអាវុធនុយក្លេអ៊ែរ»

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានចែករំលែកទស្សនៈថា សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) គឺជាមូលដ្ឋានគ្រឹះនៃការរំសាយសព្វាវុធនុយក្លេអ៊ែរ និងប្រព័ន្ធមិនរីកសាយជាលក្ខណៈអន្តរជាតិ ហើយថាប្រទេសទាំងពីរបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវលទ្ធផលដ៏មានអត្ថន័យនៅសន្និសីទ NPT លើកទី ១០ នៅខែសីហា។

ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុន ពាក់ព័ន្ធនឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្តីពី «សកម្មភាពរួម និងកិច្ចពិភាក្សាតម្រង់ទិសអនាគត ឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ» ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានសម្តែងការដឹងគុណចំពោះការគាំទ្រមិនផ្លាស់ប្តូររបស់កម្ពុជា៕