(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន បានប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ឡើងមួយកម្រិតទៀត។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក គីស៉ីដា ហ្វឹមីអូ ក្រោយជំនួបទ្វេភាគី នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងក្របខណ្ឌអាស៊ាន-ជប៉ុន សម្តេចបានបញ្ជាក់ពីការគាំទ្រសំណើរៀបចំកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់រយៈពេល ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្តយ៉ាងដូច្នេះ «ឯកឧត្តម គីស៉ីដានិងខ្ញុំ ក៏បានបញ្ជាក់ថា នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ឡើងមួយកម្រិតទៀត នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នា លើការជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ ពហុភាគី និងលើបញ្ហាតំបន់ និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអរគុណនាយករដ្ឋមន្រ្តីជប៉ុន ចំពោះការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំនេះ និងបញ្ជាក់ពីការផ្តល់កិច្ចសហការ ដើម្បីភាពជោគជ័យរបស់ជាប្រធាននេះផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរ ថែមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលកំពុងដើរតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃតំបន់មេគង្គ ហើយបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត៕