(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចេញសេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សេចក្តីថ្លែងការណ៍រួមកម្ពុជា-ជប៉ុន បានបញ្ជាក់ដូច្នេះថា៖ «នាយករដ្ឋមន្ត្រីទាំងពីរ បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»

កម្ពុជា-ជប៉ុន បានចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តលេខ A/RES/ES-11/1N ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពិសេសបន្ទាន់លើកទី១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា ការឈ្លានពានទៅលើរដ្ឋសមាជិកអង្គការសហប្រជាជាតិមួយ ដោយបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនោះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលហាមប្រើប្រាស់កម្លាំង និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

ថ្នាក់ដឹកនាំទាំងពីរ បានទទួលស្គាល់ថា ការឈ្លានពាននេះបង្កមហន្តរាយដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនទទួលយកនូវការកែប្រែជាឯកតោភាគីណាមួយ ចំពោះពំ្រដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងនោះទេ។ ក្នុងស្មារតីដូចគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា រាល់ការវាយប្រហារប្រដាប់អាវុធទៅលើ និងការគំរាមកំហែងប្រឆាំងនឹងរោង-ចក្រនុយក្លេអ៊ែរ ដែលបង្កើតឡើងក្នុងគោលបំណងសន្តិភាព គឺជាការរំលោភលើច្បាប់អន្តរជាតិ។

នៅក្នុងសន្និសីទកាសែត ក្រោយបញ្ចប់ជំនួបនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីបទពិសោធន៍ផ្ទាល់ខ្លួនថា « សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយគួរតែបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី»

ដោយឡែក លោកនាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន។ លោកបានលើកឡើងថា ប្រទេសយើង មិនគាំទ្រនូវការកែប្រែស្ថានភាពពិភពលោក ដោយការប្រើប្រាស់កម្លាំងដោយឯកតោភាគីឡើយ៕