(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានស្នើដល់នាយករដ្ឋមន្រ្តីជប៉ុន ឲ្យជួយទិញផលិតផលកសិកម្មកម្ពុជា ឲ្យបានច្រើន និងលើកទឹកចិត្ដឲ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាឲ្យច្រើនថែមទៀត។

ការស្នើបែបនេះ ធ្វើឡើងក្នុងសន្និសីទរួមរវាង សម្តេចតេជោ ហ៊ុន សែន និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវបានធ្វើឡើង នៅវិមានសន្តិភាព ប្រទេសកម្ពុជា នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ជំនួប រវាងមេដឹកនាំទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា ខ្ញុំបានស្នើលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ដ្រីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អាទិភាពរបស់កម្ពុជា ឲ្យបានច្រើនថែមទៀត»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក គីស៊ីដា ឆ្លើយតបជាវិជ្ជមាន និងស្វាគមន៍ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជា ព្រមទាំងបានឯកភាពពង្រីកបន្ថែមទៀត នូវបរិយាកាសវិនិយោគរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី និងកិច្ចប្រជុំវិស័យសាធារណៈ និងឯកជន។

ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើនាយករដ្ឋមន្ត្រីជប៉ុន នូវចំណុចមួយចំនួន៖
* ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្មអាទិភាពរបស់កម្ពុជា ឱ្យបានច្រើនថែមទៀត
* ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។
* លើកទឹកចិត្តក្រុមហ៊ុនជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗពីជប៉ុនមកដំឡើងរោងចក្រនៅកម្ពុជា ដូចជា ប៉ាណាសូនិក (Panasonic) តូហ្ស៊ីបា (Toshiba) មីត្សឹប៊ីហ្ស៊ី អេឡិកទ្រិក(Mitsubishi Electric) និងយ៉ាម៉ាហា ខូអប់ភើរេសិន (Yamaha Cooperation) ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក គីស៊ីដា ហ្វឺមីអូ និងសម្ដេច មានសេចក្ដីរីករាយ ទោះជាក្នុងអំឡុង វិបត្ដជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅតែមានស្ថានភាព ក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក។ ចំណែកអ្នកវិនិយោគជប៉ុន នៅកម្ពុជាវិញបានងើបឡើង នៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក នៅឆ្នាំ២០២០។

គូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។

ដោយឡែកទំនិញដែលកម្ពុជានាំពីជប៉ុនមានដូចជា៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម។

សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត ៣ពាន់លានដុល្លារអាមេរិក៕