(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន បានជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ អំឡុងទស្សនកិច្ចរបស់លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជា។

សេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់ឱ្យធ្វើការអត់ធ្មត់ជាអតិបរមា និងចាប់ផ្ដើមដំណើរការចរចា សម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី ដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាព និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ។

«យើងទាំងពីរបានឯកភាពគ្នា ឱ្យអាជ្ញាធរក្រុងណៃពិដោរ អនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ឱ្យបានឆាប់ និងជួយសម្រួលការចែកចាយជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួយ»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទកាសែតរួមគ្នា ក្រោយបញ្ចប់ជំនួបទ្វេភាគី។

កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

នៅក្នុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន, មេដឹកនាំទាំងពីរបានលើកឡើងពីសារសំខាន់នៃការអនុវត្តយ៉ាងសកម្មនូវការចែកជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួយខ្លាំងបំផុត ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ដោយធ្វើការសម្របសម្រួលជាមួយមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (AHA Center) និងអង្គការអន្តរជាតិនានា។

លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីទម្លាយភាពជាប់គាំង ហើយបានបង្ហាញក្ដីសង្ឃឹមពីលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃការខិតខំប្រឹងប្រែងដោះស្រាយបញ្ហា តាមរយៈការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ចំពោះតួនាទីដ៏សកម្មរបស់ខ្លួន ក្នុងការទម្លាយភាពជាប់គាំង តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដោយគោរពឯកភាព និងមជ្ឈភាពរបស់អាស៊ាន និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៕