(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបជាមួយលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានស្នើឲ្យជប៉ុនបង្កើនកូតា ក្នុងការទទួលយកពលករ និងកម្មសិក្សាការីកម្ពុជាបន្ថែមទៀត។

សំណើនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅពេលដែលលោកនាយករដ្ឋមន្ដ្រីជប៉ុន បំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច។ លោកនឹងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ។

ក្រោយជំនួបទ្វេភាគីសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានរួមគ្នាយ៉ាងដូច្នេះថា «ខ្ញុំក៏បានស្នើជប៉ុនបង្កើនកូតាក្នុងការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ដ្រីជប៉ុនសង្ឃឹមថា ពេលស្ថានភាពជំងឺកូវីដបានល្អប្រសើរពលករជំនាញ និងកម្មសិក្សាការីជាច្រើនថែមទៀត ជាបន្ដបន្ទាប់»

បន្ថែមពីនេះ ក្នុងសេចក្ដីថ្លែងការណ៍រួម ក៏បានបញ្ជាក់ដែរថា នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពបង្កើនការផ្លាស់ប្តូរក្រុមបញ្ញវន្ត រវាងរដ្ឋាភិបាលជប៉ុន ធនាគារខួរក្បាលជប៉ុន វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព (CICP)។ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកទស្សនៈថា នឹងបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រព័ន្ធរដ្ឋបាលកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ការសម្រេចចិត្តរបស់ជប៉ុនក្នុងការទទួលយកពលករជំនាញ និងកម្មសិក្សាការីបច្ចេកទេសឡើងវិញ ចាប់ពីថ្ងៃទី០១ មីនា ២០២២។ ដោយឡែក នាយករដ្ឋមន្ត្រី គីស៊ីដា បានបញ្ជាក់ពីការរំពឹងទុកថា ពលករជំនាញ និងកម្មសិក្សាការីបច្ចេកទេសកម្ពុជាជាច្រើននឹងធ្វើដំណើរមកប្រទេសជប៉ុនជាបន្តបន្ទាប់ នៅពេលស្ថានភាពកូវីដ-១៩ ធូរស្បើយ។

គួរជម្រាបថា គិតត្រឹមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួនជាង ១ ,៣០១,៦០៩ នាក់ (ស្រី ៥២៨,៧៩៩នាក់) ក្នុងនោះ ប្រទេសថៃមានចំនួន ១,២២០,១៩៧នាក់ ប្រទេសកូរ៉េមានចំនួន ៤ ៥,៨៦០នាក់ ប្រទេសម៉ាឡេស៊ីមានចំនួន ២៣,០២៧នាក់ ប្រទេសជប៉ុនមានចំនួន ១១,៤៥៣នាក់ ប្រទេសសិង្ហបុរីមានចំនួន ៨២១នាក់ ហុងកុងមានចំនួន ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន ៤៣នាក់។

បើតាមការប៉ាន់ប្រមាណពីការប្រាក់បញ្ញើដែលបងប្អូនពលករបានផ្ញើជូនក្រុមគ្រួសារក្នុងមួយឆ្នាំៗ ប្រហែល២,៨ ប៊ីលានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើន សេដ្ឋកិច្ចជាតិ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ៕