(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេច និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានធ្វើឡើងនៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យភាគឺជប៉ុន ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ជប៉ុន បន្ថែមលើការទាក់ទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។

សម្តេចតេជោ បានថ្លែងដែរថា ទោះជាក្នុងកំឡុងវិបត្តិជំងឺកូវីដ១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅតែមានស្ថេភាពក្នុងរង្វង់ជិត ២ពាន់លានដុលា្លរអាមេរិក ចំណែក វិនិយោគជប៉ុននៅកម្ពុជាវិញ បានងើបឡើងនៅឆ្នាំ២០២១ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០២០។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហ៊ំ ពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា ខ្ញុំបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដូចតទៅ៖ ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អតិភាពរបស់កម្ពុជាឱ្យបានច្រើនថែមទៀត, ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាក់ទាញយកអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀង RCEP»

សម្តេចតេជោ ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន ជួយលើកទឹកចិត្តក្រុមហ៊ុនជប៉ុនឱ្យមកវិនិយោគកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗរបស់ជប៉ុន មកតម្លើងរោងចក្រនៅកម្ពុជាដូចជា៖ ក្រុមហ៊ុន PANASONIC ក្រុមហ៊ុន TOSHIBA ក្រុមហ៊ុន MISUBISHI និងក្រុមហ៊ុន YAMAHA COPERATION ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ជាការឆ្លើយតបនឹងការស្នើនេះ, នាយករដ្ឋមន្ត្រីជប៉ុន បានឆ្លើយតបជាវិជ្ជមាន និងស្វាគមន៍ចំពោះការអនុវត្តច្បាប់វិនិយោគថ្មី របស់កម្ពុជា និងបានឯកភាពពង្រីកបន្ថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចប្រជុំវិស័យសាធារណៈនិងឯកជនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពិពិធកម្ម ឧស្សាហកម្មរបស់កម្ពុជា៕