(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ បានជំរុញឱ្យប្រទេសពាក់ព័ន្ធរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រចិនខាងត្បូង ជៀសវាងសកម្មភាពឯកតោភាគី ដែលនឹងបង្កើនភាពតានតឹង ឬធ្វើឱ្យស្ថានការណ៍មានភាពស្មុគស្មាញនៅតំបន់សមុទ្រនេះ។

ការបញ្ជាក់សាជាថ្មីនេះត្រូវបានធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រវាងកម្ពុជានិងជប៉ុន ចេញពីដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

សេចក្ដីថ្លែងការណ៍នេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុនបានអះអាងសាជាថ្មីអំពីសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍នៅលើសមុទ្រចិនខាងត្បូង និងការហោះហើរពីលើសមុទ្រចិនខាងត្បូង។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានអំពាវនាវដល់ប្រទេសដែលពាក់ព័ន្ធ នៅតំបន់សមុទ្រចិខាងត្បូងនេះ ត្រូវមានការអត់ធ្មត់រៀងៗខ្លួន ភាពគ្មានយោធូបនីយកម្ម និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា «សម្ដេចតេជោ ហ៊ុន សែន និងលោក គីស៊ីដា ហ្វឺមីអូ បានគូសបញ្ជាក់ពីសារសំខាន់នៃការជំរុញឱ្យប្រទេសពាក់ព័ន្ធជៀសវាង សកម្មភាពឯកតោភាគី ដែលនឹងបង្កើនភាពតានតឹង ឬធ្វើឱ្យស្ថានការណ៍មានភាពស្មុគស្មាញនៅសមុទ្រចិនខាងត្បូង»

នាយករដ្ឋមន្ត្រីទាំងពីរថែមទាំងបានសង្កត់ធ្ងន់ពីសារសំខាន់នៃការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគី នៅសមុទ្រចិនខាងត្បូង (DOC) និងបានកត់សម្គាល់ពីវឌ្ឍនភាពនៃការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) និងបានគូសបញ្ជាក់ពីសារសំខាន់នៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រកបដោយប្រសិទ្ធភាព និងមានអត្ថន័យដែលស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕