(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់។

យោងតាមសេចក្ដីថ្លែងការណ៍រវាងកម្ពុជា និងជប៉ុន ដែលបានចេញផ្សាយនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការឯកភាពរបស់នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០ នៃការចូលរួមរបស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) នៅកម្ពុជា។

សេចក្ដីថ្លែងការណ៍បានឱ្យដឹងទៀតថា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា បានវាយតម្លៃខ្ពស់ចំពោះការពិតដែលកម្ពុជាបានផ្លាស់ប្តូរ ពីប្រទេសដែលទទួលយកប្រតិបត្តិការរក្សាសន្តិភាព ទៅជាប្រទេសដែលបញ្ជូនកងទ័ពចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងស្ថិរភាពអន្តរជាតិ។

នាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ជប៉ុន បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកភូមិន្ទនៅប្រទេសជប៉ុនកាលពីខែមុន។

បន្ថែមលើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍ការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹកនៅកំពង់ផែក្រុងព្រះសីហនុ និងការធ្វើសមយុទ្ធសុច្ឆន្ទៈ ក៏ដូចជាដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមរបស់កងកម្លាំងស្វ័យការពារជើងទឹក។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និងលោក គីស៊ីដា ហ្វឺមីអូ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ រួមទាំងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹក ការពង្រីកសមយុទ្ធទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកភូមិន្ទកម្ពុជា លើផ្នែកជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ»

នាយករដ្ឋមន្ត្រីទាំងពីរក៏បានយល់ព្រមសម្របសម្រួលសកម្មភាពនានាសម្រាប់ការថែរក្សាសន្តិភាព តាមរយៈការកសាងសមត្ថភាពលើវិស័យប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍របស់កម្ពុជាផ្នែកបោសសម្អាតមីនជាមួយប្រទេសទីបី។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងរបស់ជប៉ុនដល់ការបោសសម្អាតមីននាពេលកន្លងមក៕