(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានដឹងឲ្យច្បាស់ពីការប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយបាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយ លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក, លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់, លោកស្រី យឹម សុធារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, អាជ្ញាធរស្រុកឱរ៉ាល់ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៣៦នាក់ នឹងពិនិត្យសុខភាពចែកជូនថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន៣០០នាក់ ដោយឥតគិតថ្លៃ។

សូមជម្រាបជូនថា៖ ការពិគ្រោះជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំនេះ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២០ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់) ដោយបានចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកឱរ៉ាល់ ចំនួន១៦៧លើក សរុបបានចំនួន ២៤៦,០៦៩នាក់(ម្ភៃបួនម៉ឺនប្រាំមួយពាន់ហុកសិបប្រាំបួននាក់) ក្នុងនោះស្រ្តីមានចំនួន១៦៨,៧៥៥នាក់ (ដប់ប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំពីររយហាសិបប្រាំនាក់) និងបានចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តកំពង់ស្ពឺ ចំនួន ២១១លើក សរុប បានចំនួន ៣២៤,៩៥៤នាក់(សាមសិបពីរម៉ឺនបួនពាន់ ប្រាំបួនរយហាសិបបួននាក់) ក្នុងនោះស្រ្តីមានចំនួន ២២៣,៣៤៧នាក់ (ម្ភៃពីរម៉ឺនបីពាន់បីរយសែសិបប្រាំពីរនាក់)។

លោកបន្ថែមថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣៨៤លើក ក្នុងនោះព្យាបាលជូនប្រជាពលបានចំនួន ៥,៧២៣,៣៣៦នាក់ (ប្រាំលានចិតសិបពីរម៉ឺនបីពាន់បីរយសាមសិប ប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣,០២៣,៩៧៩នាក់ (បីលានពីរម៉ឺនបីពាន់ប្រាំបួនរយចិតសិបប្រាំបួននាក់) ដោយសហការជាមួយអាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលរាជធានី-ខេត្ត សហភាព សហព័ន្ធយុវជនកម្ពុជារាជធានី-ខេត្ត យុវជនកាកបាទក្រហមកម្ពុជារាជធានី-ខេត្ត យុវជនកាយរិទ្ធិកម្ពុជា រាជធានី-ខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងក្រុមការងារ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ចំនួន ១២៥៨ នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១
មកដល់បច្ចុប្បន្ន ជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង ១៥ រាជធានី-ខេត្ត រួមមាន៖ ខេត្តព្រះសីហនុ ខេត្តពោធិសាត់ ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តតាកែវ និងខេត្តកំពង់ធំ ដោយចាក់វ៉ាក់សាំងបានចំនួន ៥,១៥៨,៧៦៦ស (ប្រាំលានដប់ប្រាំម៉ឺនប្រាំបីពាន់ប្រាំពីររយហុកសិបប្រាំមួយដូស)។

លើសពីនេះទៅទៀត នៅក្នុងខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ និងខេត្តកំពង់ធំ ចំនួន ៩៣០នាក់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននិងកំពុងតែបន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដោយមិនគិតថវិកាបេសកកម្មឡើយ៕