(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានធ្វើពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣២៣នាក់ ចំណុះឱ្យគណៈកម្មាធិការគណបក្សសង្កាត់ព្រែកលៀប ក្រោមអធិបតីភាពលោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ និងលោក ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកលៀប និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខណ្ឌ ក្រុមការងារចុះជួយសង្កាត់ គណបក្សសង្កាត់ និងសមាជិក សមាជិកា ពាក់ព័ន្ធប្រមាណ ៣៥០នាក់។

ថ្លែងក្នុងពិធីប្រកាសនាពេលនេះ លោក ឃ្លាំង ហួត បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានតស៊ូរំដោះ និងជួយសង្គ្រោះជាតិពីរបបវាលពិឃាត ប៉ុល ពត ឆ្នាំ១៩៧៩ និងបានបញ្ចប់សង្គ្រាមទាំងស្រុងទូទាំងប្រទេសនៅឆ្នាំ១៩៩៨ ក្រោមការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បំពេញបេសកកម្មឈរលើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ និងបានខិតខំការពារថែរក្សានូវសន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងការពារទប់ស្កាត់កុំឱ្យមានការវិលត្រឡប់នៃសង្គ្រាមផងដែរ។ តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល៤៣ឆ្នាំកន្លងមកនេះ អាចបញ្ជាក់បានថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេង ក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ។

នាឱកាសនោះដែរ លោក ឃ្លាំង ហួត បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់សមាជិកដែលទើបបញ្ចូលថ្មីនេះ គឺមិនមែនដោយសារមើលឃើញពីផលប្រយោជន៍ បុណ្យស័ក្កិ ឬលាភសក្ការៈអ្វីនោះទេ តែគឺដោយសារពួកគាត់គោរពស្រឡាញ់ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងដើម្បីចូលរួមការពារសុខសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបន្តថានេះ គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការជ្រើសរើសមេដឹកនាំប្រទេសប្រកដដោយការទទួលខុសត្រូវក្នុងនាមជាម្ចាស់ឆ្នោត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានលើកឡើងថាពាក្យ «សន្តិភាព» ស្តាប់ទៅដូចជាស្រួលនិយាយណាស់ តែការពិតជាក់ស្តែងសន្តិភាព គឺពិបាករកខ្លាំងណាស់ ទម្រាំប្រទេសមួយរកបានសន្តិភាពពេញលេញ នោះគឺត្រូវចំណាយពេលវេលារាប់សិបឆ្នាំ តែបើការបំផ្លាញសន្តិភាពគឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ប្រសិនបើយើងធ្វើការជ្រើសរើសមេដឹកនាំប្រទេសខុស។

លោក ឃ្លាំង ហួត ក៏បានណែនាំដល់សមាជិកសមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពបម្រើផលប្រយោជន៍សង្គមឱ្យបានល្អនៅក្នុងមូលដ្ឋាន និងប្តេជ្ញាចិត្តប្រកបដោយភក្តីភាព បម្រើគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាអាណត្តិខាងមុខ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ទន្ទឹមនឹងនេះដែរលោក ឃ្លាំង ហួត បានអំពាវនាវដល់សមាជិកទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសមូលដ្ឋាន គឺត្រូវប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងជាបន្ទាន់ ដោយឡែកអ្នកបានចាក់ដូសទី២ រួចក៏ត្រូវទៅចាក់ដូសទី៣ បន្ថែម និងអ្នកបានចាក់ដូសទី៣ រួចក៏ត្រូវទៅចាក់ដូសទី៤ បន្ថែមទៀត ដើម្បបង្កើនប្រព័ន្ធការពារជំងឺកូវីដ១៩ ក្នុងខ្លួនរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវបន្តផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ព្រមជាមួយគ្នានេះ លោក ឃ្លាំង ហួត ក៏បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិការបស់លោក អ៊ុ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ សរុប ៦,៤៦០,០០០រៀល ឧបត្ថម្ភសម្រាប់រៀបចំពិធី និងជូនសមាជិកសមាជិកាថ្មី រួមទាំងអាវ មួក គណបក្សផងដែរ៕