(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ច នៅថ្ងៃនេះ លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានបន្តទៅកាន់វត្តឧណ្ណាឡោម ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក Atsuhiti Nakata ជាមន្រ្តីជប៉ុនម្នាក់ទៀត ដែលបានពលីជីវិតក្នុងបេសកកម្មជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា កាលពី៣០ឆ្នាំមុន។

ក្នុងបេសកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ «អ៊ុនតាក់» កាលពី៣០ឆ្នាំមុន មានមន្រ្តីជប៉ុន២នាក់ បានពលីជីវិតនៅកម្ពុជា ក្នុងនោះមាន លោក Haruyuki Takata ជាមន្ត្រីនគរបាល ដែលបានពលីជីវិតកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ។ ចំណែកលោក Atsuhiti Nakata ជាមន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីជីវិត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ។

សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន បាន និងកំពុងពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អំឡុងទស្សនកិច្ចនេះ លោក គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ ក៏បានអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជាផងដែរ៕