(ភ្នំពេញ)៖ អំឡុងបំពេញទស្សនកិច្ចផ្លូវការ នៅម៉ោងប្រមាណ៣៖៥០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។

នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង២៖៤៥នាទី រសៀល ថ្ងៃទី២០ ខែមីនានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ភ្លាមៗបន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកបានឆ្លៀតទៅទស្សនាចេតិយ៍ និងគោរពវិញ្ញាណក្ខន្ធ លោក Haruyuki Takata នៅវត្តតាំងក្រសាំង។ លោក Haruyuki Takata ជនមន្រ្តីជប៉ុនម្នាក់ក្នុងចំណោម២នាក់ ដែលបានពលីជីវិតនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា កាលពី៣០ឆ្នាំមុន។

បន្ទាប់ពីនោះនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងបន្តទៅគោរពវិញ្ញាណក្ខន្ធ លោក Atsuhiti Nakata ជាមន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីជីវិតក្នុងបេសកកម្មអ៊ុនតាក់ នៅកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ។

លោក គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅល្ងាចនេះ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំផងដែរ៕