(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី ព្រមទាំងអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ និងក្រុមការងារ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បាននាំយកសម្ភារ និងថវិកាចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សូមជម្រាបថា កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ មានករណីរន្ទះបាញ់ និងខ្យល់កន្ត្រាក់ធ្វើឱ្យឆេះផ្ទះទាំងស្រុងចំនួន១ខ្នង រលំទាំងស្រុងចំនួន៤ខ្នង រលំសសរ របើកដំបូលចំនួន៦ផ្ទះ ប៉ុន្តែ ពុំមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។

ពិធីចុះសួរសុខទុក្ខ និងចែកអំណោយនេះ លោកស្រី លំ គន្ធារី បានសម្តែងពីទឹកចិត្តសោកស្តាយ និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះទាំង១១គ្រួសារខាងលើ ដោយលោកស្រីបានបញ្ជាក់ថា ក្នងនាមជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវឧប្បទ្ទវហេតុ ដ៏កាចសាហាវណាមួយ កើតមានឡើងមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។

ជាមួយនេះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើការសួសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់សួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ព្រមទាំងផ្ដល់អំណោយជូនដល់ជនរងគ្រោះភ្លាមៗ។ ទីណាមានទុក្ខលំបាកទីនោះមានសាខាកាកបាទក្រហមកម្ពុជា ចុះជួយដល់មូលដ្ឋានជានិច្ច។

លោកស្រី លំ គន្ធារី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាបបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុ ដើម្បីសុវត្ថិភាព យើងទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ផងដែរ។

គួរបញ្ជាក់ថា គ្រួសារចំនួន១១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បេ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ តង់១ ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕