(កណ្ដាល)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ បានប្រាប់ទៅក្រុមយុវជនគណបក្សឃុំ និងសកម្មជនយុវជនភូមិ ឱ្យខិតខំធ្វើខ្លួនជាគំរូល្អក្នុងសង្គម ជួយខ្នះខ្នែងដល់ ប្រជាពលរដ្ឋខិតខំសិក្សារៀនសូត្រប្រែក្លាយខ្លួនឱ្យក្លាយជាបញ្ញវន្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិឱ្យទទួលបាននូវការរីកចម្រើនទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍទៅមុខជាដរាប។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលល លើកឡើងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំពលរដ្ឋជូនដល់ក្រុមការងារយុវជនគណបក្សឃុំ និងសកម្មជនយុវជនភូមិ និងដឹកនាំក្រុមការងារ គណបក្សជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំព្រែកថ្មី និងឃុំកោះធំ “ខ” ស្រុកកោះធំ ខេត្តកណ្តាល ក្នុងរយៈចម្ងាយប្រមាណ១០គីឡូម៉ែត្រ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងថ្មីដល់យុវជនអំពីភាពជាអ្នកដឹកនាំ និងដុសខាត់ជំនាញផ្ទាល់ខ្លួនក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ និងអនុវត្តជាគំរូសម្រាប់គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ។

ទន្ទឹមនឹងនេះដែរ ទេសរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រគ្រប់ពេលវេលា ដើម្បីយកចំណេះដឹងទៅរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងស្រុកកោះធំ ឱ្យកាន់តែមានភាពធូរធារថែមទៀត និងបានបង្ហាញជូនសិក្ខាកាមនូវគន្លឹះសំខាន់មួយចំនួនទាក់ទងនឹងឥរិយាបទក្នុងនាមជាថ្នាក់ដឹកនាំ ដែលក្នុងនោះរួមមាន៖ ថ្នាក់ដឹកនាំត្រូវមានចក្ខុវិស័យវែងឆ្ងាយ ត្រូវមានការវាស់វែងចំពោះអ្នកក្រោមឱវាទ មានទិសដៅ និងពេលវេលាពិតប្រាកដ ដើម្បីសម្រេចការងារជោគជ័យបាន។

ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ «ក្នុងនាមថ្នាក់ដឹកនាំ បើនិយាយត្រូវធ្វើ កុំនិយាយឱ្យគេធ្វើតាម ប៉ុន្តែខ្លួនធ្វើផ្សេង បើយើងធ្វើបែបនេះពេលនោះយើងនឹងត្រូវបាត់ជំនឿទុកចិត្តពី អ្នកក្រោមឱវាទរបស់យើង ជាពិសេសបាត់ការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវមានគុណតម្លៃ គោលការណ៍ សុចរិតភាព ត្រូវដឹងគោលដៅរបស់ខ្លួនត្រូវទៅណា ត្រូវបែងចែកការងារឱ្យបានច្បាស់លាស់សម្រាប់ខែណាដែលត្រូវធ្វើអ្វី ដើម្បីតាមដានខ្លួនឯង និងការអនុវត្តការងាររបស់ខ្លួន ត្រូវផ្ដល់ការលើកទឹកចិត្តចំពោះលទ្ធផលការងារដល់អ្នកថ្នាក់ក្រោម»

ទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីចំណុចសំខាន់ៗចំនួន៥ ក្នុងនាមជាថ្នាក់ដឹកនាំរួមមាន៖ ត្រូវមានកម្លាំងថាមពល ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយថាមពល ត្រូវហ៊ានអាកាត់ចំពោះបញ្ហា ត្រូវអនុវត្តការងារដែលបានដាក់ចេញឱ្យបានជោគជ័យ និងសប្បាយចិត្តចំពោះការងារដែលខ្លួនកំពុងធ្វើ និងបានរំលឹកផងដែរនូវពាក្យស្លោកមួយចំនួនរួមមាន៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង កុំសួរថាកម្ពុជាធ្វើអ្វីដើម្បីយើង ត្រូវសួរថាយើងអាចធ្វើអ្វីដើម្បីកម្ពុជា និងយើងមិនអាចរស់នៅលើកោះដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហ៊ុព័ទ្ធដោយសមុទ្រក្រីក្រនោះទេ យើងត្រូវរួមគ្នាពង្រីកកោះនោះឱ្យធំឡើង ដើម្បីបង្រួមសមុទ្រក្រីក្រឱ្យកាន់តែតូច និងពាក្យស្លោកមួយចំនួនទៀត។

បន្ទាប់ពីអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលនេះរួចមក ទេសរដ្ឋមន្ត្រី បានដឹកនាំសមាជិក សមាជិកាក្រុមការងារគណបក្សជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងរយៈចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ចេញដំណើរពីទីស្នាក់ការគណបក្សស្រុក ទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំព្រែកថ្មីចំនួន៤ទីតាំង និងឃុំកោះធំ “ខ” ចំនួនពីរទីតាំង ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋចូលរួមសរុបប្រមាន ៧៩៨នាក់។

ដំណើរជិះកង់នេះធ្វើឡើងក្នុងគោលបំណងដើម្បីសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន ជាពិសេសស្វែងយល់អំពីជីវភាពរបស់ពួកគាត់ក្នុងស្ថានភាពដែលប្រទេសកម្ពុជា មានការធូរស្រាលពីការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដូចជាក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលកំពុងរង់ចាំទទួលស្វាគមន៍នាឱកាសនោះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំពីគុណតម្លៃដ៏ធំធេងនៃសន្តិភាពដែលរកបានដោយសម្ដេចតេជោ ហ៊ុន សែន ដែលខំដឹកនាំ និងកសាងប្រទេសជាតិពីប្រទេសផងពីបាទដៃទទេរហូតដល់ទទួលបាននូវការរីកចម្រើនការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងជីវភាពប្រជាពលរដ្ឋមានការធូរធារឡើងពីមួយថ្ងៃទីមួយថ្ងៃនឹងបន្តរីកចម្រើនតទៅមុខជាដរាប។

ទេសរដ្ឋមន្ត្រីក៏បានក្រើនរំលឹកប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែស និងភ្លេចខ្លួនចំពោះជំងឺឆ្លងដ៏កាចសាហាវមួយនេះ ព្រមទាំងបានណែនាំពួកគាត់ឱ្យប្រកាន់ខ្ជាប់នូវក្បូនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

ទេសរដ្ឋមន្ត្រី និងក្រុមការងារគណបក្ស បាននាំយកក្រមា ម៉ាស់ ទឹក អាកុល និងសាប៊ូលាងដៃ ទៅចែកជូនប្រជាពលរដ្ឋនាឱកាសនោះផងដែរ ដើម្បីបន្តចូលរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩៕