(ព្រៃវែង)៖ ដោយការណែនាំពី លោក សន្ដិបណ្ឌិត ចាន់ អ៊ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក ហួម តាំងហឿត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពាមរក៍ បានអញ្ជើញប្រកាស កែសម្រួលសមាសភាពក្រុមការងារចុះជួយមូលដ្ឋានឃុំពាមរក៍។

ក្នុងនោះ លោក ហួម តាំងហឿត បានធ្វើការណែនាំដល់ក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង៥ សហការសាមគ្គីគ្នា ជាមួយមន្ដ្រីមូលដ្ឋានក្នុងភូមិទាំង៥ នៅឃុំពាមរក៍ បន្តធ្វើបច្ចុប្បន្នភាពសម្មតិកម្មទី១ និងសម្មតិកម្មទី២ ឲ្យហើយនៅត្រឹមពាក់កណ្តាលខែមេសា។

បន្ថែមពីនេះ លោកណែនាំឲ្យរៀបចំកាលវិភាគធ្វើវេទិកាសារណៈឲ្យលឿនបញ្ជូនទៅឲ្យរដ្ឋបាលស្រុក និងអធិការស្រុក ដើម្បីសុំការសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងចាប់ផ្តើមធ្វើវេទិការតាមភូមិនីមួយៗ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះតទៅ។

ជាមួយគ្នានេះ លោកក៏បានឧបត្ថម្ភថវិកាដល់សមាជិកមូលដ្ឋានចូលរួមចំនួន ៤៩នាក់ ដោយក្នុង១នាក់ទទួលថវិកា២ម៉ឺនរៀល, ទិញ តុ កៅអីផ្ដៅ និងសម្ភារមួយចំនួនទៀតផងដែរ ដើម្បីប្រើប្រាស់ក្នុងពេលបំពេញការងារ៕