(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធភាព និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា ការរីចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថិរភានយោបាយ ចាំបាច់ជាចម្បងដែលមិនអាចខ្វះបាន។ ជាក់ស្តែងសមិទ្ធិផលនានាជាច្រើន ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឱ្យឃើញស្រាប់។

ការថ្លែងបែបនេះ របស់លោកស្រីបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ដោយមានការយាងនិមន្តចូលរួមពីសំណាក់ សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ និងជាអនុប្រធានទី៣ ថេរសភាព្រះពុទ្ធសាសនា, លោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង, អភិបាលស្រុកកំពង់ស្វាយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកស្រី ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ពិសេសសម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល, លោក ជាម ប៉េអា បានជ្រះថ្លាចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់ការកសាងសមិទ្ធផលនានា និងសាលាបាលីក្នុងវត្តសានគរ សម្រាប់ជួយដល់ការបណ្តុះបណ្តាលធនធានព្រះសង្ឃ ដើម្បីពង្រឹងគុណតម្លៃ និងគុណភាពវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាឱ្យសក្តិសមជាសាសនារបស់រដ្ឋ។

ជាមួយគ្នានេះ លោកស្រីបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ធ្វើឱ្យរដ្ឋបាល ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិលក៏បានថែរក្សាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ដែលជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រីបានគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខអ្វីៗ ក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរី មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចកម្ពុជាសព្វថ្ងៃនេះ។

បន្ថែមពីនេះ លោកស្រី ឃួន ឃុនឌី បានស្នើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត។ ដូចនេះដើម្បីឱ្យកម្ពុជា នៅតែរក្សាបានសន្តិភាព និងការឯកភាពជាតិសូមប្រជាជនទាំងអស់ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដែលខ្លួនស្រឡាញ់ចេះផ្ដល់សេចក្ដីសុខ និងការអភិវឌ្ឍជាពិសេសស្រឡាញ់សន្តិភាព។

ក្នុងពិធីនោះដែរលោកស្រី ឃួន ឃុនឌី បានចូលរួមជាមួយលោក ជាម ប៉េអា សប្បុរសជននូវបច្ច័យកសាងថវិកា ៦លានរៀល តាជីយាជី ចំនួន៥០នាក់ ក្រណាត់ស១ដុំ ថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស ១០០នាក់ មានសៀវភៅ ប៊ិច ថវិកា៥០០០រៀល និងប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុង១នាក់ សារ៉ុង១ផងដែរ៕