(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំពលរដ្ឋ ជូនដល់ក្រុមការងារយុវជនគណបក្សឃុំ និងសកម្មជនយុវជនភូមិ ដែលបានប្រព្រឹត្តទៅ នៅក្នុងទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពីក្រុមការងារគណបក្ស និងសិក្ខាកាមចូលរួមសរុបប្រមាណ ១៨០នាក់។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងថ្មី ដល់យុវជនអំពីភាពជាអ្នកដឹកនាំ និងដុសខាត់ជំនាញផ្ទាល់ខ្លួនក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ និងអនុវត្តជាគំរូសម្រាប់គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ។

លើកឡើងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រគ្រប់ពេលវេលា ដើម្បីយកចំណេះដឹងទៅរួម ចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងស្រុកកោះធំ ឱ្យកាន់តែមានភាពធូរធារថែមទៀត និងបានបង្ហាញជូនសិក្ខាកាម នូវគន្លឹះសំខាន់ មួយចំនួនទាក់ទងនឹងឥរិយាបទ ក្នុងនាមជាថ្នាក់ដឹកនាំដែលក្នុងនោះរួមមាន៖ ថ្នាក់ដឹកនាំត្រូវមានចក្ខុវិស័យវែងឆ្ងាយ ត្រូវមានការវាស់វែងចំពោះអ្នកក្រោមឱវាទ មានទិសដៅនិងពេលវេលាពិតប្រាកដ ដើម្បីសម្រេចការងារជោគជ័យបាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ បើនិយាយត្រូវធ្វើ កុំនិយាយឱ្យគេធ្វើតាម ប៉ុន្តែខ្លួនធ្វើផ្សេង បើធ្វើបែបនេះថ្នាក់ដឹកនាំនឹងត្រូវបាត់ ជំនឿទុកចិត្តពីអ្នកក្រោមឱវាទ ជាពិសេសបាត់ការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវមានគុណតម្លៃ គោលការណ៍ សុចរិតភាព ត្រូវដឹងគោលដៅរបស់ខ្លួនត្រូវទៅណា ត្រូវបែងចែក ការងារឱ្យបានច្បាស់លាស់សម្រាប់ខែណាដែលត្រូវធ្វើអ្វី ដើម្បីតាមដានខ្លួនឯង និងការអនុវត្តការងាររបស់ខ្លួន ត្រូវផ្ដល់ការលើកទឹកចិត្ត ចំពោះលទ្ធផលការងារ ដល់អ្នកថ្នាក់ក្រោម។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីចំនុចសំខាន់ៗចំនួន៥ ក្នុងនាមជាថ្នាក់ដឹកនាំរួមមាន៖ ត្រូវមានកម្លាំងថាមពល ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយ ថាមពល ត្រូវហ៊ានអាកាត់ចំពោះបញ្ហា ត្រូវអនុវត្តការងារដែលបានដាក់ចេញឱ្យបានជោគជ័យ និងសប្បាយចិត្តចំពោះការងារដែលខ្លួនកំពុងធ្វើ និងបានរំលឹកផងដែរ នូវពាក្យស្លោកមួយចំនួនរួមមាន៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង, កុំសួរថាកម្ពុជាធ្វើអ្វីដើម្បីយើង ត្រូវសួរថាយើងអាចធ្វើអ្វី ដើម្បីកម្ពុជា និងយើងមិនអាចរស់នៅលើកោះដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហ៊ុព័ទ្ធដោយសមុទ្រក្រីក្រនោះទេ យើងត្រូវរួមគ្នាពង្រីកកោះនោះឱ្យធំឡើង ដើម្បីបង្រួម សមុទ្រ ក្រីក្រឱ្យកាន់តែតូច និងពាក្យស្លោកមួយចំនួនទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ជប់ការបើកវគ្គបណ្តុះបណ្តាលនេះរួច លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារគណបក្ស ជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំព្រែកថ្មី ចំនួន៤ទីតាំង និងឃុំកោះធំ ខ ចំនួន២ទីតាំង ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋចូលរួមសរុបប្រមាន ៧៩៨នាក់។ ដំណើរជិះកង់នេះធ្វើឡើង ក្នុងគោលបំណង ដើម្បីសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសស្វែងយល់អំពីជីវភាពពលរដ្ឋក្នុងស្ថានភាពដែលប្រទេសកម្ពុជា មានការធូរស្រាល ពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលកំពុងរង់ចាំទទួលស្វាគមន៍នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានក្រើនរំលឹកប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែស និងភ្លេចខ្លួន ចំពោះជំងឺ ឆ្លងដ៏កាចសាហាវមួយនេះ ព្រមទាំងបានណែនាំពួកគាត់ឱ្យប្រកាន់ខ្ជាប់នូវក្បូនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាល ដាលនូវជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារគណបក្ស ក៏បាននាំយកក្រមា ម៉ាស់ ទឹក អាកុល និងសាប៊ូលាងដៃ ទៅចែកជូនប្រជាពលរដ្ឋ នាឱកាសនោះផងដែរ ដើម្បីបន្តចូលរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩៕