(កណ្ដាល)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការរួមគ្នាជាធ្លុងមួយបន្ទាប់ពីបិទបញ្ចប់សង្គ្រាមស៊ីវិល បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ស៊ាង ប៊ុនលាង បានធ្វើឡើងនៅក្នុងពិធីកាត់គ្រឹះសីមា សាងសង់សាលាឆាន់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការខ្លោងទ្វារ របងវត្ត និងសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅ (វត្តឈើទាល) ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

នាឱកាសនោះដែរលោកបណ្ឌិត បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ភ្លើងសង្គ្រាមនៅកម្ពុជា បានទាំងស្រុងហើយនាំមកវិញនូវសុខសន្តិភាពស្ថិរភាពការអភិវឌ្ឍរីកចម្រើន និងមានការលូតលាស់ផ្នែក សេដ្ឋកិច្ចព្រមទាំងមានមុខមាត់លើឆាកអន្តរជាតិ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តានេះ ផ្តើមចេញពីប្រទេសយើងមានសុខសន្តិភាពពេញលេញ ដូច្នេះសូម ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យនៅគង់វង្សយូរអង្វែង ពិសេសសូមបន្តការគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសយើងកាន់តែមានការ អភិវឌ្ឍរីកចម្រើនតទៅទៀត និយាយរួមគឺឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា។

លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់ សប្បុរសជនជិតឆ្ងាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ជុំវិញទីអារាមវត្ត ក្នុងការកសាងនូវសម្ធិផលនានា ឡើងដើម្បីទុកជាកុសលផលបុណ្យ ទៅអនាគតជាតិ ក្នុងព្រះពុទ្ធសាសនា។

លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយដែលពោពេញទៅដោយសក្កានុពល ដើម្បីកសាងព្រះពុទ្ធសាសនា និងកសាងប្រទេសជាតិដ៏កំសត់មួយនេះ ដែលធ្លាប់តែរងនូវការបំផ្លិចបំផ្លាញ ពីសង្គ្រាម ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍ និងឈានទៅរកភាពសម្បូរសប្បាយ លើឆាកអន្តរជាតិ។

ទន្ទឹមនឹងកម្មវិធីនេះដែរ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានបញ្ជាកថា ពិធីកាត់ស្រះសីមា សាងសង់សាលាឆាន់ និងសម្ភោធ ឆ្លង ក្លោងទ្វា របងវត្ត និងសមិទ្ធផលនានា នៅក្នុងវត្ដឧត្ដមសាមគ្គី គឺជាសមិទ្ធផលដ៏ធំធេងបន្ថែមទៀត របស់ស្រុកមុខកំពូល ក្នុងវិស័យពុទ្ធចក្រ សំដៅលើកកម្ពស់ វិស័យធម្មការ និងកិច្ចការសាសនាឱ្យកាន់តែរីកចម្រើន។

លោកបានឱ្យដឹងថា សាលាសាលាឆាន់នេះ គឺគ្រោងសាងសង់ឡើងដោយមានទទឹងប្រវែង ២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ៕