(ភ្នំពេញ)៖ អំណោយជាអង្ករចំនួន១៤០តោន ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនទៅរដ្ឋបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនបន្តទៅឱ្យប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌទាំង១៤ បានមកយកទទួលអង្ករទាំងនេះ ដល់សាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅផ្តល់ជូនតាមសង្កាត់ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតបន្តទៀត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ «អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង១៤ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយក្នុងមួយខណ្ឌៗទទួលបានអង្ករ១០តោន ដើម្បីបន្តយកទៅចែកជូនទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន»

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅប្រជាពលរដ្ឋខ្វះខាតជីវភាពនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ថា៖ «បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតក្នុងជីវភាព អាចទាក់ទង មកខាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ នោះក្រុមការងារនឹងផ្តល់ការជួយឧបត្ថមដល់បងប្អូនហើយ ដោយមិនទុកឱ្យបងប្អូនអត់បាយនោះទេ»