(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា កត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសមិទ្ធផលថ្មីៗ លើគ្រប់វិស័យ ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បានរីកដុសដាលឥតឈប់ឈរ និងការអភិវឌ្ឍន៍ជាហូរហែនៅតាមមូលដ្ឋាន។

ការថ្លែងបែបនេះរបស់លោក វង សូត បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងលោកស្រី បានអញ្ជើញនបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក ឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តដូនដោកលិច ស្ថិតក្នុងភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

នាឱកាសនោះលោក វង សូត បានរំលេចថា ក្រោយពីប្រទេសជាតិមានស្ថេរភាព នយោបាយ និងសុខសន្តិភាពមកធ្វើឱ្យមានការកសាង អភិវឌ្ឍន៍នៅតាមមូលដ្ឋានកំពុងរីកចម្រើនដូច្នោះ យើងរួមសាមគ្គីភាពគ្នាថែរក្សាសមិទ្ធផលថ្មីៗ ដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍន៍បន្តទៀត។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា «កត្តាសុខសន្តិភាព នាំមកនូវអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ កើតចេញពីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលតែងតែគិតគូរពីសុខាមាលភាព ជូនពលរដ្ឋបាននាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ស្រោចជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ និងបានស្តារជីវភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង»

ទន្ទឹមនឹងនេះដែរលោក វង សូត បានបញ្ជាក់ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកអំឡុងពេលកូវីដ១៩ ដែលមានបណ្ណ័សមធម៌អាចបើកសាច់ប្រាក់ឧបត្ថម្ភពីរាជដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នេះគឺការគិតគូររួមសុខរួមទុក្ខរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕