(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្រ្តីជប៉ុន នឹងមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា បន្ទាប់ពីលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឆ្នាំ២០១៤។ តាមរយៈសារមួយផ្ញើជូនប្រជាពលរដ្ឋខ្មែរ លោក គីស៊ីដា ហ្វូមិអុ បានបញ្ជាក់ថា លោកទន្ទឹងរង់ចាំឃើញដោយផ្ទាល់ នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា។

លោក គីស៊ីដា ហ្វូមិអុ បានគូសបញ្ជាក់ថា៖ «កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។ ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសយើងទាំងពីរ កាន់តែមានភាពស្មុគស្មាញ។ ដូច្នេះដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាព ខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានគោលបំណងពីរដូចខាងក្រោម។

ទី១៖ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៣០ នៃការចូលរួមរបស់ជប៉ុន ក្នុងសកម្មភាពថែរក្សាសន្តិភាព (PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។

ជាឧទាហរណ៍ ប្រទេសជប៉ុន បាននឹងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀត យើងក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះបាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ថ្ងៃនេះ ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នារបស់យើង ខ្ញុំនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ទី២៖ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហានានាដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម ។ ខ្ញុំបានយល់ថាតាមបទពិសោធន៍នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ ខ្ញុំមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ អស់លោកលោកស្រី ក្មួយៗដែលជាប្រជាជនកម្ពុជាទាំងអស់ តោះរួមគ្នាបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាជាមួយយើងខ្ញុំ»៕