(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំ។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា «យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះសូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ ខ្លួនឱ្យកាន់តែរឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែកចរិយាសម្បត្តិប្រកប ដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម ថែរក្សានូវសមិទ្ធផលដែល មានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន»

លោកក៏សូមអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត និងគាំទ្រដោយឥតងាករេចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេសកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់តែ ត្រូវបានលើកកម្ពស់ជាលំដាប់។ នេះគឺជាផលច្ច័យជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងបម្រើប្រកបដោយឆន្ទៈស្មោះត្រង់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្សឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ៕