(ស្វាយរៀង)៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចែកអង្ករ សម្ភារ និងថវិកា ជាជំនួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១០០គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជាដោយមិនទុក្ខឱ្យអ្នកណា ស្លាប់ដោយសារអត់អាហារនោះទេ។

លោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណបណ្តាប្រទេសម្ចាស់ជំនួយ រួមមាន៖ ជប៉ុន ចិន និងកូរ៉េ ដែលបានផ្តល់ជំនួយជាស្បៀង តាមរយៈកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។ ក្នុងនោះលេខាធិការដ្ឋានស្បៀងម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានឯកភាពលើសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសាធារណៈរដ្ឋកូរ៉េជាម្ចាស់ជំនួយ បានផ្គត់ផ្គង់អង្ករចំនួន៣០០តោន ដល់កម្ពុជា និងមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍លើ ការចែកអង្ករទាំងនេះ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧,៥០០គ្រួសារ ក្នុងខេត្តចំនួន ៧ខេត្ត គឺត្បូងឃ្មុំ ចំនួន ១,០០០គ្រួសារ, បាត់ដំបង ចំនួន ១,០០០គ្រួសារ, បន្ទាយមានជ័យ ចំនួន ១,៥០០គ្រួសារ, ឧត្តរមានជ័យ ចំនួន ១,០០០គ្រួសារ, សៀមរាប ចំនួន ១,០០០គ្រួសារ, ខេត្តកំពង់ចាម ចំនួន១,០០០គ្រួសារ និងខេត្តស្វាយរៀង ចំនួន ១,០០០គ្រួសារ ក្នុងនោះក៏ត្រូវបានបែងចែកទៅតាមបណ្តាក្រុងស្រុក ទៅតាមកាលវិភាគផងដែរ។

បន្ថែមពីនេះ លោកស្រីបណ្ឌិត ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវដែលកំពុងយាយី អាយុជីវិតមនុស្ស នៅទូទាំងពិភពលោក និងរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ១០០គ្រួសារ នាពេលនេះក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ ៤០គីឡូក្រាម ម៉ាស់ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល៕