(ភ្នំពេញ)៖ ថ្លែងនៅក្នុងថ្នាក់សិក្សារបស់ Fresh News នៅចុងសប្តាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ បានក្រើនរំលឹកដល់សិក្ខាកាមថា ការបង្ហាញអំពីសាវតារឿង គឺសំខាន់ខ្លាំងណាស់ ដើម្បីឲ្យអ្នកអានបានយល់កាន់តែច្បាស់អំពីព័ត៌មានដែលកំពុងអាន។ ប្រធានមជ្ឈមណ្ឌល FTC បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី១៩ ខែមីនា នៅក្នុងសប្ដាហ៍ទី៧ ដែលថ្នាក់សិក្សា FTC វគ្គ២ បានបើកដំណើរការ ដោយមានសិក្ខាកាមប្រមាណជាង៥០នាក់ បានចូលរួម។

លោក ម៉ារ យ៉ារិទ្ធ បានឲ្យដឹងថា៖ «ការផ្សាយព័ត៌មានបានលឿនរហ័ស គឺជារឿងសម្រាប់ស្ថាប័នព័ត៌មាន ក្នុងការបញ្ជូនដំណឹងបានលឿន និងរហ័សដល់អ្នកអាន។ បើទោះជាអត្ថបទនោះមានលក្ខណៈខ្លីៗ ឬមិនទាន់មាន Background រឿងក៏ដោយ។ ប៉ុន្តែនៅក្រោយពេលផ្សាយអត្ថបទខ្លីៗ ទាន់ហេតុការណ៍ទាំងនោះហើយ គប្បីមានអត្ថបទដែលលម្អិត ហើយផ្ដល់នូវព័ត៌មានបន្ថែមជាពិសេស សាវតានៃរឿង ដើម្បីឲ្យអ្នកអាន ឬស្ដាប់ព័ត៌មាន កាន់តែយល់ច្បាប់អំពីព័ត៌មានដែលបានកើតឡើង»

គ្រប់ផ្នែកនៃអត្ថបទព័ត៌មានសុទ្ធតែជាចំណុចសំខាន់ រាប់ចាប់ពីចំណងជើង ចំណុចផ្ដើមព័ត៌មាន ឬ Lead និងតួរអត្ថបទ ឬ Body ជាដើម។ ដែលពីមួយចំណុចទៅមួយចំណុច ទាមទារឲ្យមានការយកចិត្តទុកដាក់ និងរក្សាឲ្យបាននូវមូលន័យរួម មិនបែកប្រធានបទ។ ការរក្សាបានបែបនេះក្នុងអត្ថបទ ធ្វើឲ្យអ្នកអាន និងស្ដាប់ព័ត៌មាន ងាយស្រួលយល់ ហើយបង្ហាញពីការយល់ដឹងរបស់អ្នកព័ត៌មានកាន់តែច្បាស់ថែមទៀតផង។ នេះជាការបញ្ជាក់បន្ថែមពីលោកព្រឹទ្ធាចារ្យ ម៉ារ យ៉ារិទ្ធ។

នៅក្នុងថ្នាក់សិក្សាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ លោក ម៉ារ យ៉ារិទ្ធ ក្រៅពីបង្រៀនពីរបៀបនៃការសរសេរព័ត៌មាន លោកក៏បានព្យាយាមបង្ហាញ និងអប់រំដល់សិក្ខាកាមអំពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសាព័ត៌មាន ទៅដល់សិក្ខាកាម ដែលភាគច្រើនជាអ្នកដែលមិនទាន់មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាននៅឡើយ។ FTC ខិតខំអប់រំអំពីវិជ្ជាជីវៈបែបនេះ គឺដើម្បីឲ្យអ្នកព័ត៌មានកម្ពុជាកាន់តែច្រើន ធ្វើកិច្ចការតាមគន្លងនៃក្រមសីលធម៌ ស្របសម័យភាវូបនីយកម្ម ភាពរីកចម្រើននៃប្រទេស និងតំបន់។

បើទោះជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី ក៏វគ្គសិក្សានៅតែដំណើរការជាធម្មតា តាមគន្លងថ្មី ជាមួយនឹងការអនុវត្តវិធានការសុខាភិបាល។ វគ្គសិក្សានេះ ទទួលបានចំណាប់អារម្មណ៍ពីសិក្ខាកាមយ៉ាងផុសផុលលើមេរៀនដែលបានសិក្សា។ ស្របជាមួយថ្នាក់រៀនដែលបានគិតគូរអំពីសុវត្ថិភាពរបស់សិក្ខាកាមដោយមានការរក្សាគម្លាតសុវត្ថិភាព វាស់កម្ដៅ និងបាញ់អាកុលមុនចូលរៀនថែមទៀតផង។

វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC នឹងមានរយៈពេល៣ខែ ដែលនឹងសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334