(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំការពង្រឹងសមត្ថភាព កម្លាំងប្រជាការពារ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

តាមរយៈសេចក្តីណែនាំ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានឱ្យដឹងថា តាមរយៈការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងការអនុវត្តការងារនគរបាលប៉ុស្តិ៍រដ្ឋបាលតាមទម្រង់ ការងារនគរបាល និងសហគមន៍នាពេលកន្លងមក ពិនិត្យឃើញថា កម្លាំងប្រជាការពារបានចូលរួមយ៉ាងសកម្មជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងបានក្លាយជាកម្លាំងជំនួយក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមមូលដ្ឋាន។

ក្នុងគោលបំណងបន្តលើកទឹកចិត្តដល់កម្លាំងប្រជាការពារ ក្នុងកិច្ចសហការជួយដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ក៏ដូចជាការប្រមូលផ្តុំនូវកម្លាំងសរុបសំដៅពង្រឹងស្ថិរភាពសន្តិសុខ និងសុវត្ថិភាពក្នុងសង្គមបង្កើត បានបរិយាកាសល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតដោយភាពកក់ក្តៅ និងការជឿជាក់ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់លោកស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ដូចខាងក្រោម៖

*ទី១៖ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកម្លាំងប្រជាការពារឱ្យមានគុណភាព និងលទ្ធភាពសមស្របជាកម្លាំងជំនួយក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដោយត្រូវ៖

*បច្ចុប្បន្នភាពពង្រឹងកងជួររបស់កម្លាំងប្រជាការពារនៅតាមឃុំ សង្កាត់ ឱ្យបានច្បាស់លាស់
*ថែបំប៉ន លើកទឹកចិត្ត និងត្រូវបណ្តុះបណ្តាល ហ្វឹកហ្វឺន អប់រំ អំពីវិន័យកងជួរ សីលធម៌ អាកប្បកិរិយា និងពាក្យសម្តីក្នុងពេលបំពេញការងារ ឬទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។

*ទី២៖ ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ក្នុងការរៀបចំផែនការ កសាង ពង្រឹង និងគាំទ្រលើកទឹកចិត្តកម្លាំងប្រជាការពារឱ្យក្លាយជាកម្លាំងជំនួយប្រកបដោយសមត្ថភាព ចូលរួមក្នុងចលនាសន្តិសុខមាតុភូមិ ក៏ដូចជាជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យទទួលបានជោគជ័យ៕