(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកប្រជាពលរដ្ឋស្គាល់ទុក្ខលំបាកគ្រប់កាលៈទេសៈ។

ការថ្លែងបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

ក្នុងឱកាសនោះ លោកស្រីបានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមទាំងក្រុមការងារ និងបានស្នើឱ្យរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះនឹងនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតរៀងរហូតមក។

ជាមួយគ្នានឹងការលើកឡើងបែបនេះ លោកស្រី ឃួន ឃុនឌី បានបន្តថា ប៉ុន្តែក៏ត្រូវចាប់អារម្មណ៍ផងដែរថា គណបក្សដទៃដែលមកឈឈ្មោះបោះឆ្នោតនៅក្នុងឃុំរបស់យើងគេក៏ចង់ទទួលបានជ័យជំនៈដូចយើងដែរ ដូច្នេះសូមបេក្ខជនទាំងអស់ត្រូវខិតខំទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឲ្យខាងតែបាន ជាពិសេសបេក្ខជនដែលកំពុងនៅក្នុងតំណែងត្រូវតែបន្តបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អនិងទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងសកម្មភាពសតិអារម្មរណ៍នយោបាយរបស់សមាជិកបក្ស ដោយអនុវត្តន៍គោលការណ៍រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឱ្យក្រុមប្រឹក្សាអនុវត្តគោលការណ៍នេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់២០២២ និងបោះឆ្នោតសកល ឆ្នាំ២០២៣ ទទួលបានជ័យជំនះ។

លោកស្រី ក៏បានលើកឡើងថាពលរដ្ឋនៅក្នុងមូលដ្ឋាននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយនេះ លើការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្តល់នូវសេវាសាធារណៈ ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ នៅក្នុងមូលដ្ឋានកាន់តែល្អប្រសើរបន្ថែមទៀត។

បន្ថែមពីនេះ លោកស្រីបានជំរុញឱ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍នូវវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យខ្ជាប់ខ្ជួនជានិច្ច៕