(ស្វាយរៀង)៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់បានស្លាប់ ខណៈមនុស្សម្នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តបែនដឹកដី និងរថយន្តហាយឡែនឌ័រ កាលពីវេលាម៉ោង៤៖២៣ទៀបភ្លឺថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចកែងបំបែកជាបួនបាក់រនាស់ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមលោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា នៅវេលាម៉ោងទៀបភ្លឺថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបណ្ដាលឱ្យមនុស្សចំនួន៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសស្រាល។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបណ្ដាលមកពីរថយន្តបែនដឹកដី បើកបរមិនគោរពសិទ្ធិអាទិភាពទើបបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

លោកអធិការក្រុង បានបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តបែនដឹកដី បានធ្វើដំណើរពីទិសខាងជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនកែងបាក់រនាស់ បុកជាមួយរថយន្តហាយឡែនឌ័រ ដែលធ្វើដំណើរពីកើតទៅលិច យ៉ាងពេញទំហឹងបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ និងធ្វើការវាស់វែងចំណែកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត៕