(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម បន្តកិច្ចសហប្រតិបត្តិ ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជន រស់នៅតាមព្រំដែន ដើម្បីឱ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច ប្រែក្លាយព្រំដែនដែលធ្លាប់ជាទីតាំងសមរភូមិឱ្យទៅជាតំបន់គ្របដណ្តប់ដោយការអភិវឌ្ឍសន្តិភាព និងមិត្តភាព។

នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបង្ហាញលទ្ធផលនៃជំនួបរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យ ឧត្តមសេនីយ៍បម្រុងវៀតណាម ង្វៀន តុងគឿង ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនេះដែរ ឧត្តមសេនីយ៍បម្រុងវៀតណាម ង្វៀន តុងគឿង បានគោរពពាំនាំការសួរសុខទុក្ខពី នាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ហើយសូមសម្តែងការអបអរសាទរជូនចំពោះ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជោគជ័យបានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋជាង៩០ភាគរយ ដែលនេះជាចំនួនច្រើនបំផុតក្នុងពិភពលោក និងនៅក្នុងតំបន់។

ឧត្តមសេនីយ៍បម្រុង ង្វៀន តុងគឿង ក៏បានសម្តែងនូវការអបអរសាទរផងដែរ ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យ ក្នុងការរៀបចំប្រជុំអគ្គបញ្ជាការ ដែលធ្វើដោយផ្ទាល់បន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ពីរឆ្នាំកន្លងមក ហើយបានគោរពរាយការណ៍ជូនសម្តេចតេជោ ថាកងទ័ពទាំងពីរនឹងរៀបចំឱ្យមានកិច្ចប្រជុំនៅព្រំដែន ពង្រឹងមិត្តភាពពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការពារជាតិ, ការបង្កើត Hote Line ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឱ្យទាន់ពេលវេលា ហ្វឹកហាត់ការស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ព្រមទាំងចែករំលែកព័ត៌មាន និងរក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែន។

បើតាមលោក អ៊ាង សុផល្លែត បានឱ្យដឹងថា ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍របស់ឧត្តមសេនីយ៍ ង្វៀន តុងគឿន និងលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការខាងលើ និងស្វែងរកកិច្ចសហប្រតិបត្តិការដទៃទៀត ដែលអាចធ្វើបាន ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជន រស់នៅតាមព្រំដែន ដើម្បីឱ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាចប្រែក្លាយព្រំដែនដែលធ្លាប់ជាទីតាំងសមរភូមិឱ្យទៅជាតំបន់គ្របដណ្តប់ដោយការអភិវឌ្ឍសន្តិភាព និងមិត្តភាព។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនឧត្តមសេនីយ៍បម្រុង ង្បៀន តុងគឿង អំពីយុទ្ធសាស្ត្រចាក់ស្រោចសាំងនៅកម្ពុជា ដែលនាំដល់ការទទួលបានជោគជ័យ និងបើកម្ពុជាឡើងវិញ តាមរយៈ៖

១៖ អ្នកដំណើរមកកម្ពុជា ពុំចាំបាច់មានវិញ្ញាបនបត្របញ្ជាក់ការធ្វើតេស្ត PCR ៧២ម៉ោង មុនធ្វើដំណើរមកកាន់កម្ពុជាទេ,

ទី២៖ មិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជាទេ និងទី៣៖ អនុញ្ញាតទិដ្ឋាការនៅពេលមកដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ការចូលរួមចំណែករបស់កងទ័ពទាំងពីរ ក្នុងការកសាងការពារចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ៕