(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្នើអារ៉ាប៊ីសាអូឌីតដែលជាប្រទេសផលិតប្រេងដ៏ធំបំផុតលើពិភពលោក ផ្តល់អាហារូបករណ៍ ក្នុងការបណ្តុះបណ្តាល ផ្នែកវិស្វកម្មប្រេង និងឧស្ម័ន។

សំណើរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងឱកាស ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត យាងចូលជួបសម្តែងការគួរសម អំឡុងពេលទ្រង់យាងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះបទពិសោធន៍ និងជំនាញរបស់អារ៉ាប៊ីសាអូឌីតក្នុងផលិតកម្មប្រេង និងឧស្ម័ន និងបានស្នើឱ្យផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន»

អំពីពាណិជ្ជកម្ម និងការវិនិយោគ បន្ទាប់ពីបានលើកឡើងនូវកាលានុវត្តភាពប្រកបដោយការលើកទឹកចិត្តរបស់កម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មីដែលអំណោយផល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំសមភាគីរបស់ទ្រង់ ឱ្យជំរុញពាណិជ្ជករអារ៉ាប៊ីសាអូឌីតមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន ទេសចរណ៍ កសិកម្ម និងថាមពលកកើតឡើងវិញ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើដល់អារ៉ាប៊ីសាអូឌីតពិចារណាលើការនាំចូលកសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ស្ដីពីការផលិតអាហារហាឡាល់ (Halal Food) ផងដែរ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជំនាញការទូតរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា ប្រទេសទាំងពីរនៅមិនទាន់បានប្រើប្រាស់សក្តានុពល
ទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញភាគីអារ៉ាប៊ីសាអូឌីតឱ្យធ្វើការពិចារណាចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំងពីរ។

លោក ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ក៏បានពិភាក្សា និងបានឯកភាពគ្នាផងដែរ អំពីការបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។

ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានសម្តែងនូវការគាំទ្រ និងជូនពរដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ភាគីទាំងពីរ មានគោលជំហរដូចគ្នាក្នុងការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង៕