(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយាងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឡើងពេលព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត យាងចូលជួបសម្តែងការគួរសម អំឡុងពេលទ្រង់យាងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសនៃព្រះរាជទស្សនកិច្ច ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានយាង ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានយាងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា»

ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ក៏បានយាងចូលជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ។ បើតាមក្រសួងការបរទេស គឺប្រមុខការទូតកម្ពុជា បានទទួលយកការអញ្ជើញរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ទៅបំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត៕