(សៀមរាប)៖ រាជរដ្ឋាភិបាលផ្តល់ស្បៀងបម្រុង តាមរយៈលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃជូនដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព ជាលក្ខណៈគ្រួសារ ស្ថិតក្នុងបរិវេណវត្តកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងពិធីផ្តល់ស្បៀងបម្រុង កន្លងទៅថ្មីៗនេះ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ទោះជាកាលៈទេសៈណាក៏ដោយ ។ ការផ្តល់គ្រាប់ពូជបន្លែដោយ ឥតគិតថ្លៃ គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងលើកកម្ពស់ជីវភាព រស់នៅ ប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ដែលជួយផ្តល់អត្ថប្រយោជន៍ និងផ្តល់ផលចំណេញដល់ពួកគាត់ ដោយបានកាត់បន្ថយការចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាព មិនបារម្ភពីបន្លែមានប្រើជីគីមី ឬបន្លែនាំចូលពីក្រៅឡើយ។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ អំពីបញ្ហានៃជំងឺកូវីត-១៩ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិត ក្រុមគ្រួសារ និងសហគមន៍ផងដែរ។ ជាពិសេសត្រូវចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដោយអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល។

លោក វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានលើកឡើងថា កន្លងមកបានផ្តល់ និងចែកជូនគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗរួចមកហើយក្នុងខេត្តសៀមរាប ដោយលើកទី១ កាលពីឆ្នាំ២០១៨ បានផ្តល់ជូនចំនួន ២៩៤៣១គ្រួសារ លើកទី២ ឆ្នាំ២០១៩ បានផ្តល់ជូនចំនួន ១៦៧៩៩គ្រួសារ និងលើកទី៣ បានផ្តល់ជូនចំនួន ១៤ ៦៧៤គ្រួសារ ។

ចំពោះនៅឆ្នាំ២០២២នេះ ក៏បានបន្តធ្វើការចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ ដែលមានចែកពូជបន្លែដូចជា ត្រកួន ត្រប់ ប៉េងប៉ោះ និងស្ពៃចង្កើះ ដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណ៤៩៥១នាក់ មកពីឃុំចំនួន ១២ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប និងបន្តចែកជូនដល់គ្រួសារកសិករនៅក្នុងក្រុងសៀមរាប ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២២នេះ ជាបន្តបន្ទាប់ផងដែរ៕