(ភ្នំពេញ)៖ ពលរដ្ឋអាល្លឺម៉ង់ម្នាក់ ឈ្មោះ Schomacher Martin Albert ដែលមានជំងឺប្រចាំកាយ ហើយរស់នៅតែលតោលក្នុងប្រទេសកម្ពុជា បានរិះគន់ស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ដែលពុំបានយកចិត្តទុកដាក់ចំពោះរូបគាត់។ ជនរងគ្រោះរូបនេះបានអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ ដើម្បីបានត្រឡប់ទៅកាន់មាតុប្រទេសវិញ។

ជនជាតិអាល្លឺម៉ង់ ដែលមានអាយុប្រមាណ៥៥ឆ្នាំរូបនេះត្រូវបានសមត្ថកិច្ច ស្រាវជ្រាវរកឃើញ បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រូបគេត្រូវបានមន្ត្រីកម្ពុជា យកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត (ជំងឺប្រចាំកាយ និងដំបៅរលួយជើង) រហូតដល់ជាសះស្បើយ កាលពីពេលថ្មីៗនេះ។

តាមព័ត៌មានពីមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា រហូតដល់មកពេលនេះ (ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២) មិនទាន់ឃើញមានមន្រ្តីស្ថានទូតអាល្លឺម៉ង់ណាមួយ មកសួរសុខទុក្ខនៅឡើយនោះទេ។

សូមជំរាបថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ផ្តាំទៅទូតអាល្លឺម៉ង់នៅកម្ពុជា ទៅមើលពលរដ្ឋខ្លួន ដែលកំពុងស្នាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានរិះគន់ ទៅកាន់ស្ថានទូតអាល្លឺម៉ង់ ដែលតែងយកចិត្តទុកដាក់ចំពោះបញ្ហាពលរដ្ឋដទៃ កន្លងមក គួរតែយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួនផងដែរ៕