(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួនរយៈពេល៣ ថ្ងៃគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងវត្តមានចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកាគណៈកម្មការធិការកណ្តាល ព្រមទាំងភ្ញៀវកិត្តិយស នៅសាលសន្និសីទសុខា ខេត្តសៀមរាប។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នេះដែរ លោក ហ៊ុន ម៉ានី បានលើកឡើងថាការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាពេលនេះ គឺស្របពេលដែលកម្ពុជា បានបើក ដំណើរ ការ ប្រទេស ឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានភាពសាំនៅក្នុងសហគមន៍ តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃដោយអនុលោមតាមអភិក្រមផ្ការីក។

លោកបានបញ្ជាក់ថា «ការជួបជុំគ្នានៅខេត្តសៀមរាបនាឱកាសនេះ នឹងឆ្លុះបញ្ចាំងឲ្យសាធារណជន ជាតិ និងអន្តរជាតិ ឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដី បេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា បន្ទាប់ពីបានធ្វើទំនើបកម្ម និងកែលម្អឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង១ឆ្នាំ»

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានចាត់ទុកថាកិច្ចប្រជុំគណៈកម្មាធិការកណ្តាល មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានាដែល ស.ស.យ.ក សម្រេចបានក្នុងរយៈពេល៨ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសបញ្ជាក់ឱ្យឃើញនូវស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តដើម្បីបុព្វហេតុ យុវជនក្នុងកិច្ចការមាតុភូមិទៀតផង ជាពិសេសការកំណត់ទិសដៅការងារដែលយើងត្រូវធ្វើក្នុងជំហាន បន្ទាប់។

គួរបញ្ជាក់ផងដែលថា កាលពីឆ្នាំ២០១៩ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំរបស់ខ្លួន នៅទឹកដីខេត្តសៀមរាបម្តងរួចមកហើយ ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន និងលើកទិសដៅការងារបន្ទាប់ ដែលជាដំណើរការជាប្រក្រតីនៃស្ថាប័នយុវជនមួយនេះ។ ដោយឡែកក្នុងឆ្នាំ២០២១ កន្លងទៅនេះ ទោះបីជាក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការប្រព្រឹត្តទៅនៃស្ថាប័នមួយនេះនៅតែអាចបន្តអនុវត្តជាប្រក្រតីដោយត្រូវសម្របខ្លួនទៅតាមបរិបទនៃការរស់នៅបែបគន្លងថ្មី ដោយកិច្ចប្រជុំត្រូវរៀបចំតាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឲ្យសមាជិក សមាជិកាអាចបន្តធ្វើការប្រជុំ ពិភាក្សា និង ដឹកនាំការងាររបស់ ស.ស.យ.ក. ដោយរក្សាបាននូវសុវត្ថិភាពផងដែរ៕