(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន១៣៩.២៣០ដូសទៀត ដែលត្រូវបានទិញដោយការប្រើប្រាស់ថវិកាអាស៊ាន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ។

នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដល់បណ្តាញព័ត៌មាន Fresh News។ សម្រាប់ការមកដល់នូវវ៉ាក់សាំងនេះ លោកស្រី យក់ សម្បត្តិ នឹងអញ្ជើញទទួល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា កន្លងមក ASEAN មានថវិកាសម្រាប់ទិញវ៉ាក់សាំងឱ្យប្រទេសសមាជិកនីមួយៗ ហើយដែលបានប្រគល់ជូនអង្គការ UNICEF ធ្វើលទ្ធកម្មទិញជូន ក្នុងនោះជាប្រភេទវ៉ាក់សាំង Pfizer។ ថវិកាសរុបដែលប្រទេសសមាជិកនីមួយៗត្រូវទទួលបានគឺ ១,១លានដុល្លាអាមេរិកស្មើនឹងចំនួនវ៉ាក់សាំង ដែលទទួលបានគឺ១៣៩.២៣០ដូស។

លោកស្រីបានបន្តថា៖ សម្រាប់ចំណែកកម្ពុជា វ៉ាក់សាំងនេះនឹងមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២៖១០រសៀលតាមជើងយន្តហោះ Qarta Airways៕