(ស្វាយរៀង)៖ គណៈប្រតិភូអន្តរក្រសួងដឹកនាំដោយ លោក ចាន់ សុធី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ បានចុះត្រួតពិនិត្យបង្គោលខណ្ឌសីមា និងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្មអគ្គបញ្ជាការ នៅភូមិសាស្ត្រ ស្រុកកំពង់ត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ស្រុកស្វាយជ្រុំ ស្រុកកំពង់រោទិ៍ ស្រុកចន្ទ្រា ស្រុកស្វាយទាប ក្រុងបាវិត និងស្រុករមាសហែក ខេត្តស្វាយរៀង។

ការចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក វង្សី វិចិត្រ ប្រធាននាយកដ្ឋាន វិនិយោគ និងសហប្រតិបត្តិការ មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម, ស្នងការ ស្នងការរង មន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយទាហានជំនាញជាច្រើនរូបទៀត នៃបញ្ជាការដ្ឋានវិស្វកម្ម នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី សុខ សុផល មេបញ្ជាការកងឯកភាពស្ថាបនាស្ពាន ថ្នល់លេខ៧១៥ និងឧត្តមសេនីយ៍ត្រី ទូច សុទ្ធី មេបញ្ជាការកងឯកភាពស្ថាបនាសំណង់ការពារជាតិ និងសំណង់សិល្បការ្យលេខ កងឯកភាពលេខ៧៤ និងលោកវរៈសេនីយ៍ឯក សាង ឈឿន មេបញ្ជាការរងកងឯកភាពស្ថាបនាសលេខ៧១៨ បានរាយការណ៍ជូនគណៈប្រតិភូ អំពីសកម្មភាព និងលទ្ធផល នៃការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនលើទឹកដី ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

លោក ចាន់ សុធី បានកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពស្ថាបនាថ្នល់ ស្ពានលេខ៧១៥ កងឯកភាពស្ថាបនាសំណង់ការពារជាតិ និងសំណង់សិល្បការ្យលេខ៧៤ និងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៨ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន លើទឹកដីខេត្តព្រៃវែង និងខេត្តស្វាយរៀង រហូតសម្រេចបានលទ្ធផលយ៉ាងច្រើន គួរឱ្យកត់សម្គាល់។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានណែនាំក្រើនរំលឹកដល់មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពទាំង៣ ត្រូវយកចិត្តទុកដាក់ធ្វើការស្ថាបនាផ្លូវ និងរាល់សំណង់សិល្បការ្យ ឱ្យបានត្រឹមត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅធានាឱ្យរាល់សំណង់ មានសោភ័ណភាព មានគុណភាពរឹងមាំ និងសម្រេចជាស្ថាពរយ៉ាងឆាប់រហ័ស តាមបទបញ្ជាដែលថ្នាក់លើប្រគល់ឱ្យ៕