(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាសម្ពោធឆ្លងព្រះវិហារថ្មី នៃវត្តពុទ្ធពរត្រៃនិគម ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ខ ស្រុកកោះធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តសរុបប្រមាណជាង៤០០នាក់។

លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយមិនអាចខ្វះបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធផលសម្រេចបាននៅក្នុងស្រុកកោះធំ ដែលក្នុងនោះរួមមាន៖ ស្ពានឆ្លងទន្លេបាសាក់ ស្រុកកោះធំ ស្ពានជ្រៃធំកម្ពុជា-វៀតណាម ប្រវែង៤២៨ម៉ែត្រ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ ផ្លូវលំ១៩ខ្សែ ប្រវែងសរុប១០ ៣២៨ម៉្រែត និងសមិទ្ធផលនានា ជាច្រើន ទៀត ក្នុងវិស័យសាសនា ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ដោយឡែកទាក់ទងនឹងសុខុមាលភាពសាធារណៈរវាងឆ្នាំ១៩៩៨ និងពេលបច្ចុប្បន្ន លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនថា អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា (Life Expectancy) មានការកើនឡើងគួរឱ្យកត់សម្គាល់ពោលគឺ កើនឡើងពី៥៦ឆ្នាំ រហូតដល់ជាង៧០ឆ្នាំ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់មន្ទីរពេទ្យតេជោសែន កោះធំ ដែលជាមន្ទីរពេទ្យធំ និងទំនើបជាងបណ្តាមន្ទីរ ពេទ្យស្រុកទាំងអស់ នៅក្នុងប្រទេស ដោយគិតមកទល់បច្ចុប្បន្ននេះសម្រេចវឌ្ឍនភាពសាងសង់បានប្រមាណ២២.៩៦% ហើយ។ មន្ទីរពេទ្យនេះអាចផ្តល់សេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ មកពីស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ដោយសហការជាមួយ មន្ទីរពេទ្យកាល់ម៉ែត។

សូមជម្រាបជូនផងដែរថា វត្តពុទ្ធពរត្រៃនិគម គឺជាវត្តមួយក្នុងចំណោមវត្តទាំង៤១នៅក្នុងស្រុកកោះធំ វត្តនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ២០០៣ តាមគំនិតផ្តួចផ្តើមរបស់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះព្រះវិហារនៃវត្តនេះកសាងអស់ទឹកប្រាក់ចំនួន ២៣២ ៨០០ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៤៕