(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការផ្តល់ ទិដ្ឋាការនៅគ្រប់គោលដៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា បើកដំណើរការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ជូនអ្នកដំណើរជាតិ-អន្តរជាតិទាំង អស់ឡើងវិញ ដោយគោរពអនុវត្តតាមវិធានការណ៍ នានារបស់ក្រសួងសុខាភិបាល។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំដូចនេះក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតិបើកដំណើរការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ជូនអ្នកដំណើរជាតិ-អន្តរជាតិទាំងអស់ឡើងវិញ នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានានៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមសេចក្តីប្រកាសព័ត៌មានលេខ ០៩៨ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប្រសាសន៍ ណែនាំផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូល មកកម្ពុជារយៈពេល ៧២ម៉ោង, លុបចោលការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញនូវការផ្តល់ការទិដ្ឋាការពេលមកដល់សម្រាប់ អ្នកដំណើរអន្តរជាតិ ដើម្បីជាការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយនូវការចំណាយធ្វើដំណើរ។

សម្តេចតេជោបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយថវិកាសម្រាប់ធ្វើតេស្ត។ សម្តេចតេជោបានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយ ប្រាក់យ៉ាងច្រើនក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ៕