(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង និងលោកស្រី នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំអំណោយសប្បុរសធម៌ ប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ ដែលមានជីវភាពក្រីក្រ ចំនួន៤០០គ្រួសារ នៅស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី។

នាឱកាសនោះលោក សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានារួមមាន៖ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា, បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិត ឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯង និងអ្នកដទៃ និងសូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូរមីក្រុង កំពុងផ្ទុះឆ្លង និងអាចបន្តមកតាមបណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល វិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវនោះទេ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី ទឹកស៊ីអ៉ីវ ១យួរ ជែលចំនួន១ ដបផងដែរ៕