(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តធម្មនាថ ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

កម្មវិធីដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក៏មានការអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការកងកម្លាំង សិស្សានុសិស្សជាច្រើនផងដែរ ។

លោកបណ្ឌិត ជា ចាន់តូ បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើន ដែលមានអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងស្រុកសន្ទុកនិងក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនេះបានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿង របស់ប្រជាជននៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។

លោកបន្តថា ដូចនឹងស្ថានភាពនៅទូទាំងប្រទេសផងដែរអ្វីៗដែលត្រូវបានកសាងឡើងមកនេះ នឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏នឹងមានការបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិ នៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន។

លោកបណ្ឌិត ក៏បានបន្ដថាប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញនិងដឹងឮ ដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានទទួលអម្រែកឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃសម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី។ ទាំងនេះ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាយើង ដែលបានរួមសាមគ្គីគ្នាកសាងឡើងជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេល ៤៣ឆ្នាំកន្លងមក ហើយសមិទ្ធផលនេះគឺជាសមិទ្ធផល រួមរបស់យើងកើតចេញពីកម្លាំងញើសឈាម និងការខិតខំប្រឹងប្រែងរបស់យើងរបស់ឪពុកម្តាយយើង របស់បងប្អូនយើង និងរបស់កូនចៅយើង ទាំងអស់គ្នា យើងត្រូវប្តេជ្ញាការពារសមិទ្ធផលរបស់យើង។

លោកបានថ្លែងអំណរគុណ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ក្នុងវិស័យព្រះពុទ្ធសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងហើយពេលនេះបានចូលរួម ចំណែកផ្តល់ថវិកាជាវិភាគទាន ជួយកសាងអគារសាលាពុទ្ធិកវត្តធម្មនាថមួយនេះ សម្រាប់បណ្តុះបណ្តាលធនធានព្រះ សង្ឃ ដែលបានរួមចំណែកបង្កើន និងពង្រឹងតម្លៃ និងគុណភាពនៃព្រះពុទ្ធសាសនានៅកម្ពុជា ជាពិសេសបានផ្តល់ឱកាស សម្រាប់សមណសិស្សទាំងអស់ដើម្បីសិក្សារៀនសូត្រ៕