(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសណ្តាន់ បានផ្តល់បង្គោលភ្លើងបំភ្លឺតាមផ្លូវ និងអំពូលសូឡាចំនួន៤៥ឈុតបន្ថែមទៀត ជូនក្រុមការងារ ដើម្បីដាក់បំភ្លឺនៅ ទីប្រជុំជនជាប្រយោជន៍សាធារណៈ នៅឃុំទួលគ្រើល និងសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងឃុំក្លែង និងឃុំងន ស្រុកសណ្ឋាន់ ខេត្តកំពង់ធំ។

ក្នុងឱកាសប្រគល់បង្គោលភ្លើង និងអំពូលសូឡាបំភ្លឺផ្លូវនេះ លោក នង វាសនា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគណបក្សប្រជាជនកម្ពុជា ដែលផ្តល់សន្តិភាព និងការអភិវឌ្ឍន៍ ដែលមានមោទនភាព លើកមុខមាត់កម្ពុជា ឲ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងផ្តល់ឱកាសឲ្យប្រជាជនកម្ពុជា ប្រកបរបររកស៊ី សម្រាប់អនាគតដ៏ល្អនៅថ្ងៃខាងមុខ។

លោកបានអំពាវនាវដល់បងប្រជាជន សូមចូលរួមគ្នាស្រលាញ់ និងថែរក្សាសន្តិភាពនេះ អោយបានគង់វង្សរាប់រយឆ្នាំទៀត ក្រោមម្លប់នៃគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា ដើម្បីជាប្រយោជន៍សាធារណៈ ពិសេសបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរ នៅពេលយប់ លោក នង វាសនា បានឧបត្ថម្ភបង្គោលភ្លើងបំភ្លឺតាមផ្លូវ និងអំពូលសូឡា ជាច្រើនមកហើយ ដើម្បីដាក់តាមទីប្រជុំជនក្នុងស្រុកសណ្តាន់៕