(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សាមាតាបិតា គ្រប់ភាគីពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព នៃការបើកដំណើរការសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះថា ការចាក់វ៉ាក់សាំង គឺជាមូលដ្ឋានដ៏សំខាន់ ដែលនាំឱ្យមានការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញនិយាយជារួម និងជាពិសេសការបើកដំណើរការវិស័យអប់រំ និយាយដោយឡែក។

លោកថា ព្រោះតែលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តគ្រប់ៗគ្នា ទើបរាជរដ្ឋាភិបាលហ៊ាន សម្រេចបើកសាលារៀនឡើងវិញ។ ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត គឺលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភាគច្រើនបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់ក្នុងម្នាក់បីដូសរួចរាល់។

ជាមួយគ្នានេះ ក្រសួងអប់រំសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតា ដែលបានទៅទទួលយកការចាក់វ៉ាក់សាំងដោយ ស្ម័គ្រចិត្តដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ពិសេសរវាងគ្រូ និងសិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នា៕