(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ នៅថ្ងៃទី១៦ និង១៧ ខែមីនា បានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (THE TWENTY-EIGHTH ASEAN ECONOMIC MINISTERS’ RETREAT – the 28th AEM Retreat) និងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (Consultations between AEM and ASEAN Business Advisory Council) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកទាំងអស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

កិច្ចប្រជុំដ៏មានសារៈសំខាន់ទាំងពីរខាងលើ សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ។ នៅកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននៃប្រទេសនីមួយៗ បានសង្ខេបជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងបានធ្វើបទបង្ហាញអំពីគម្រោង អាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២២។ ជាមួយគ្នានេះ កិច្ចប្រជុំបានបញ្ជាក់ផងដែរ អំពីសារៈសំខាន់ក្នុងការពង្រឹងយន្តការទំនាក់ទំនងរវាងក្រុមការងារអន្តរវិស័យអាស៊ាន ជាមួយវិស័យឯកជន ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចការនានារបស់អាស៊ាន។

ដោយឡែកកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨៖ អង្គប្រជុំនេះ បានផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្មលើរបៀបវារៈសំខាន់ៗរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១)កិច្ចការដែលត្រូវបន្តតាមដាន ស្របតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២១, (២)សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២, (៣)ការងារអាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ, (៤) អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន, (៥) កិច្ចខិតខំប្រឹងប្រែងកម្រិតជាតិ និងកម្រិតតំបន់របស់អាស៊ានក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងវិបត្តិកូវីដ-១៩, (៦)ការប្រកាសបើកការចរចាសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ASEAN Trade in Goods Agreement – ATIGA), (៧)ការពង្រឹងយុទ្ធសាស្ត្រអាស៊ានដើម្បីពង្រឹងយន្តការទំនាក់ទំនងក្រៅតំបន់អាស៊ាន និង (៨)បញ្ហាផ្សេងៗទៀត។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា អង្គប្រជុំបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងឯកភាពក្នុងការអនុម័តលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលស្នើឡើងដោយកម្ពុជាទាំង១៩ ក្នុងភាពជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ ព្រមទាំងបានឯកភាពអនុម័តលើការងារអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផងដែរ។

លោករដ្ឋមន្ត្រី បន្ថែមថា អង្គប្រជុំបានអនុម័តលើគោលការណ៍ណែនាំ និងលក្ខខណ្ឌប្រតិបត្តិរបស់គណៈកម្មាធិការចរចាពាណិជ្ជកម្ម សម្រាប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ATIGA ព្រមទាំងបានប្រកាសបើកការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ។ តាមរយៈការប្រកាសបើកការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ATIGA នេះ អង្គប្រជុំបានកត់សម្គាល់ និងអបអរសាទរចំពោះកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងអស់ខាងលើ ដែលកម្ពុជាបានស្នើឡើង។

ជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំនេះ សមាជិកអង្គប្រជុំទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ៕