(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹង សមត្ថភាពដល់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយផ្ដោតលើប្រធានបទសំខាន់ៗដូចជា៖ បរិបទទូទៅ នៃច្បាប់ស្តីពីការប្រកួតប្រជែង ការព្រមព្រៀងខ្សែដេកបំពានច្បាប់ ការព្រមព្រៀង ខ្សែឈរ បំពានច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នា នៃធុរកិច្ច ដែលវគ្គបណ្ដុះបណ្ដាលទាំងនេះ ទទួលបានការឧបត្តម្ភគាំទ្រ ក្រោមគម្រោង COMPETE របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។

ក្នុងកិច្ចការងារបញ្ជ្រាប ការយល់ដឹងអំពីច្បាប់ស្ដីពី ការប្រកួតប្រជែង អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រកួតប្រជែង ដល់សាធារណជននៅថ្ងៃនេះ និងមានផែនការ ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រកួតប្រជែង នៅតាមរាជធានី ខេត្តទាំង២៥ ព្រមទាំងចែកជូនសៀវភៅច្បាប់នេះដល់គ្រប់ក្រសួង ស្ថាប័ន មន្ទីររាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត ផងដែរ។

ក្នុងសិក្ខាសាលានេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា នៅក្នុងសម័យទំនើបនេះ ការប្រកួតប្រជែងបានក្លាយជាមូលដ្ឋាន នៃសេដ្ឋកិច្ចទីផ្សារ។ ស្របគ្នានេះផងដែរ ការអនុវត្តច្បាប់ ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព នឹងលើកកម្ពស់ឱ្យមានទីលានប្រកួតប្រជែងមួយ ដោយស្មើភាពរវាងបុគ្គល ធ្វើធុរកិច្ចនៅក្នុងទីផ្សារ តាមរយៈការកំណត់នូវ «វិធាននៃការប្រកួតប្រជែង (Rules of the Game)» ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះជាក្រុមហ៊ុន ឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។

លោកស្រីបានបន្តថា ក្នុងន័យនេះដើម្បីទទួលបានភាពជោគជ័យ នៅក្នុងទីផ្សារ ឬទទួលបានអតិថិជនកាន់តែច្រើន បុគ្គលធ្វើធុរកិច្ចទាំងនោះ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ តាមរយៈការផ្តល់នូវទំនិញ ឬសេវាដែលមានថ្លៃទាប គុណភាពខ្ពស់ ជម្រើសច្រើន ជាពិសេសនោះគឺការផ្តល់គំនិតច្នៃប្រឌិតថ្មីៗ ទៅដល់អតិថិជន ឬអ្នកប្រើប្រាស់។

លោកស្រី Angelika Stauder បានលើឡើងថា «ចំណុចសំខាន់ ដែលគួរឱ្យកត់សម្គាល់នោះ គឺច្បាប់ដែលទើបអនុម័តថ្មីនេះ មិនត្រឹមតែដើរតួនាទី ក្នុងការធានាលើការបង្កើន ទីផ្សារឱ្យកាន់តែបើកចំហរ និងកាន់តែសេរីប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ស្តីពីការប្រកួតប្រជែងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់តាមរយៈការធ្វើឱ្យទំនិញ និងសេវាមានគុណភាពប្រសើរឡើង បង្កើតជម្រើសកាន់តែច្រើន និងថ្លៃទាបផងដែរ»។

តំណាងលេខាធិការដ្ឋានអាស៊ាន ក៏បានអបអរសាទរដល់កម្ពុជា (តាមរយៈវីដេអូខ្លី) ក្នុងឱកាសដែលច្បាប់ ស្ដីពីការប្រកួតប្រជែង របស់ខ្លួនត្រូវបាន អនុម័តនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ហើយក៏ជាភាពរីករាយ ដែលប្រទេសទាំងអស់ នៅអាស៊ានសុទ្ធតែមានច្បាប់នេះ ដើម្បីធានាឱ្យមានការប្រកួតប្រជែងស្មើភាព នៅក្នុងតំបន់ផ្ទាល់ និងក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់អាស៊ាន ទាំងមូលដូចជា៖

*ទី១៖ លើកកម្ពស់ទីលានប្រកួតប្រជែង ដោយស្មើភាពសម្រាប់សហគ្រាស គ្រប់កម្រិតនៅក្នុងតំបន់អាស៊ាន ដូចជាអាជីវកម្មធុនតូច-មធ្យម អាជីវកម្មទើបបង្កើតថ្មីៗ ក៏ដូចជាក្រុមហ៊ុនធំៗ ព្រមទាំងបង្កើតឱកាសការងារនៅក្នុងតំបន់
*ទី២៖ គោលនយោបាយនិងច្បាប់ ស្តីពីការប្រកួតប្រជែងមានសារសំខាន់ ក្នុងការចូលរួមបំពេញបន្ថែមដល់ការអនុវត្តគោល នយោបាយសេដ្ឋកិច្ច ឧស្សាហកម្ម ហិរញ្ញវត្ថុ និងពលកម្ម តាមរយៈការបង្កើន អត្ថប្រយោជន៍ និងសក្តានុពលឱ្យកាន់តែខ្ពស់បំផុត។ ច្បាប់ស្ដីពីការប្រកួតប្រជែង នឹងជួយដល់អ្នកប្រើប្រាស់ឱ្យមានជម្រើសច្រើន ថ្លៃទាប ព្រមទាំងទំនិញ និងសេវាល្អ ជាពិសេសប្រជាជនអាស៊ាន ជាង៦៥០លាននាក់ នឹង ទទួលបានប្រយោជន៍ ដោយផ្ទាល់ពីការអនុវត្តគោល នយោបាយនិងច្បាប់ស្ដីពីការប្រកួតប្រជែង
*ទី៣៖ ការសិក្សាជាច្រើន បានបញ្ជាក់ថា ប្រទេសដែលមានការអនុវត្តច្បាប់ ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងត្រូវបានស្តារឡើងវិញ យ៉ាងឆាប់រហ័សបន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ច ជាពិសេសច្បាប់ ស្តីពីការប្រកួតប្រជែងបានក្លាយជាផ្នែកមួយ នៃក្របខណ្ឌ នៃការស្តារឡើងវិញរបស់អាស៊ាន ដែលត្រូវបានបង្កើតឡើងដើម្បីពន្លឿនការស្តារឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន បន្ទាប់ពីមានការរាតត្បាត នៃជំងឺកូវីដ១៩ នៅក្នុងតំបន់ ក៏ដូចជាសកលលោក។

សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់អគ្គនាយកដា្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលកំពុងអនុវត្តតួនាទីរបស់ខ្លួនតាមការកំណត់របស់ច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ដល់ធុរជនទាំងអស់ ដើម្បីឱ្យសេដ្ឋកិច្ចកាន់ តែមានភាពបត់បែន និងអាចស្ដារឡើងវិញបានក្នុងអំឡុងពេល និងបន្ទាប់ពីវិបត្តិជាសកល នៃជំងឺកូវីដ១៩៕