(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំរវាង គ.ជ.ប ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតតាមប្រព័ន្ធវីដេអូអនឡាញ លើកទី៣។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់លើបញ្ជីបេក្ខជនដំបូង។

លោក មាន សទិ បានថ្លែងថា ការបិទផ្សាយបញ្ជីបេក្ខជនដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅ គ.ជ.ប អំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្ស នយោបាយណាមួយ ក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយនេះ។ ការបិទផ្សាយបញ្ជីបេក្ខជនដំបូង អាចធ្វើឡើងតាមកាលបរិច្ឆេទផ្សេងៗគ្នា អាស្រ័យលើករណីមាន ឬគ្មានបណ្ដឹងកើតឡើង ក្នុងអំឡុងពេលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយនៃឃុំ សង្កាត់នីមួយៗ។

ទាក់ទងនឹងការប្តឹងជំទាស់ទៅនឹងបេក្ខជន ឬជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ លោក មាន សទិ បានបញ្ជាក់ថា ពាក្យបណ្តឹងជំទាស់នេះអាចធ្វើឡើងក្នុងករណីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយ មិនបំពេញបានតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៩ មាត្រា៤០ មាត្រា៤១ និងមាត្រា៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

លោក មាន សទិ បានបន្ថែមទៀតថា ប្រសិនបើក្នុងឃុំសង្កាត់ណាគ្មានពាក្យបណ្តឹងជំទាស់ទៅលើបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយណាមួយទេ នោះបញ្ជីបេក្ខជនដំបូងក្នុងឃុំសង្កាត់នោះ នឹងក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការ។ បន្ទាប់មកគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនៃឃុំ សង្កាត់នោះ ត្រូវធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយដែលនឹងត្រូវដាក់លើសន្លឹកឆ្នោត ស្របតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ឆ្លើយទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានជម្រាបជូនថា ទោះបីមានបេក្ខជនខ្លះត្រូវបាន គ.ជ.ប សម្រេចលុបចេញពីបញ្ជីបេក្ខជនដំបូងក្ដី ក៏បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ នៅតែមានសុពលភាពសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតដដែល ហើយប្រសិនបើនៅពេលស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតពីបញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ ប៉ុន្តែខ្វះបេក្ខជន គ.ជ.ប ក៏មាននីតិវិធី សម្រាប់ឱ្យគណបក្សនយោបាយពាក់ព័ន្ធរៀបចំបញ្ជីបេក្ខជនបម្រុងបន្ថែម។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) គណបក្សនយោបាយចំនួន ១៦ គណបក្ស អង្គការមិនមែនរដ្ឋាភិបាល ១៦អង្គការ អ្នកសារព័ត៌មាន សរុបចំនួនប្រមាណ ៦៩នាក់៕