(បន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ឈរជើងនៅស្រុកម៉ាឡៃ បានឃាត់ខ្លួនពលករខ្មែរចំនួន១៣០នាក់ ដែលឆ្លងដែនពីប្រទេសថៃតាមច្រករបៀង។ បន្ទាប់ពីឃាត់ខ្លួនមន្ត្រីជំនាញ បានយកពួកគាត់យកទៅធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ប៉ុន្តែលទ្ធអវិជ្ជមានទាំងអស់។

មន្រ្តីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថា «កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃមួយក្រុម ដឹកនាំដោយលោកអនុសេនីយ៍ទោ ឈុន ឈិតណារ៉ុង នាយរងប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាចំនួន៣នាក់ បានត្រួតពិនិត្យនៅតាមច្រករបៀង បានប្រទះឃើញពលករចំនួន១៧នាក់ និងបានឃាត់ខ្លួនសួរនាំក្នុងនោះ មានស្រីម្នាក់ កុមារម្នាក់ ទើបវិលត្រឡប់ពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញតាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន៤ គឺខេត្តសៀមរាប ចំនួន៤នាក់, បាត់ដំបង ចំនួន៨នាក់, កំពង់ធំ ម្នាក់ និងបន្ទាយមានជ័យ ចំនួន៤នាក់»

ជាមួយគ្នានេះ នៅវេលាម៉ោង៣ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាល ក៏បានឃាត់ខ្លួនពលករចំនួន១១៣នាក់ (ស្រី៥០នាក់ កុមារ១១នាក់) ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃផងដែរ។ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន៩ គឺបន្ទាយមានជ័យ ចំនួន២៩នាក់, បាត់ដំបង ចំនួន ២៧នាក់, សៀមរាប ចំនួន២៩នាក់, ស្វាយរៀង ចំនួន៤នាក់, ព្រៃវែង ចំនួន១២នាក់, កំពង់ធំ ចំនួន៥នាក់, ឧត្ដរមានជ័យ ម្នាក់, កំពង់ស្ពឺ ចំនួន៣នាក់ និងតាកែវ ចំនួន៣នាក់។

លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានណែនាំដល់ពលករទាំងអស់ពីការឆ្លងរាលដាលជំងឺកូវីដ១៩ និងធ្វើការត្រួតពិនិត្យរថយន្ត ដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរ ដែលចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ត្រូវចេះការពារការរាលដាលនៃជំងឺកូវីដផងដែរ។

ពលករខ្មែរទាំង១៣០នាក់ ក្រោយពីធ្វើកិច្ចសន្យារួច ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួនវិញ៕