(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៃកម្ពុជា និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចុះសំណេះសំណាល និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបាននាំយកអំណោយជាថ្នាំពេទ្យ អង្ករ មី និងត្រីខ ព្រមទាំងសម្ភារមួយចំនួនទៀត។

លោក ឡេង ប៊ុនតេង បានសំណេះសំណាល និងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះលើគ្រប់វិស័យ ដែលបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋរបស់យើង។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញ ទើបយើងមានពេលអភិវឌ្ឍន៍ប្រទេស យើងជីវភាពសំបូរសប្បាយ។

ជាមួយគ្នានោះលោក ឡេង ប៊ុនតេង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត សូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ «៣កុំ និង៣ការពារ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់គ្នា។

លោក ឡេង ប៊ុនតេង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងសូមឲ្យចៅសង្កាត់ទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ៕